ខេត្តកោះកុង៖ រដ្ឋបាលខេត្តកោះកុង ប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០៧នាក់ទៀត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដែលភាគច្រើនរកឃើញក្នុងចំណោមការឆ្លងរីករាលដាលនៅភូមិផ្លូវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបាន ជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន០៧នាក់ ក្នុងនោះមានស្រី០៣នាក់ បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធទៅនឹងបុរសឈ្មោះ ម៉ន សុខម៉េង អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រធ្វើចំណីសត្វ (អាយ តាវ) ស្ថិតនៅ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចមានរាយនាមខាងក្រោម៖
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយ ផ្ទាល់ជាមួយប្រជាពលរដ្ឋខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក ជាចាំបាច់។ ជាមួយគ្នានេះ អ្នកដែលប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ក៏សូមធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ករណីបងប្អូនប្រជាពលរដ្ឋ មាន រោគសញ្ញាផ្តាសាយ៉ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
រដ្ឋបាលខេត្តកោះកុង សូមអំពាវនាវចំពោះ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្ត ឱ្យបានម៉ឺងម៉ាត់ជាដាច់ខាតនូវវិធានការ ៣ការពារ ៣កុំ” របស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩កុំឱ្យមានការឆ្លងទៅក្នុងក្រុមគ្រួសារ និងសហគមន៍ដទៃទៀត ដែលនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាទីបំផុតដល់អាយុជីវិត និងជីវភាពរស់នៅ៕
ដោយ ៖ សិលា