ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិស​អាមេរិក​៖​ ខ្មាន់កាំភ្លើងម្នាក់​ បាញ់ប្រហារសម្លាប់មិត្តរួមការងារ ៨នាក់ នៅឯរដ្ឋកាលីហ្វ័រនីញ៉ា

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១នេះ​ បានដកស្រង់ពីរបាយការណ៍ប៉ូលិសអាមេរិក​ បានបញ្ជាក់ថា​ មានករណីខ្មាន់កាំភ្លើងម្នាក់​ បានធ្វេីការវាយប្រហារបាញ់សម្លាប់មិត្តរួមការងាររបស់ខ្លួន៨នាក់ ហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយនៅឯកន្លែងជួសជុល និងចតរថភ្លើងមួយកន្លែងក្នុងទីក្រុងសាន់ ហូសេ (San Jose) រដ្ឋកាលីហ្វ័រនីញ៉ានៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។

បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ គឺសារព័ត៌មាន San Jose Mercury News ខ្មាន់កាំភ្លើងខាងលើត្រូវបានគេស្គាល់ឈ្មោះ សាំម្ញូអែល ខាសស៊ីឌី (Samuel Cassidy) មានអាយុ៥៧ឆ្នាំ និងជាបុគ្គលិកថែទាំរថភ្លើងនៅឯស្ថានីយ Santa Clara Valley Transportation Authority (VTA)។

យ៉ាង​ណា​មិញ​ ភ្លាមៗប៉ូលិសអាមេរិក​ មិនទាន់អាចបញ្ជាក់ពីមូលហេតុ ឬចេតនានៅពីក្រោយការបាញ់ប្រហារនេះទេ ហើយក៏មិនបានបញ្ជាក់ពីអត្តសញ្ញាណខ្មាន់កាំភ្លើងនោះដែរ។ដោយ​ឡែក​បើយោងតាមអង្គការ Gun Violence Archive បានបញ្ជាក់ថា​ ករណីបាញ់សម្លាប់រង្គាលមនុស្សនៅទូទាំងសហរដ្ឋអាមេរិក​ រហូត​មកដល់​ពេល​នេះ​បានកើតឡើង ២៣០លើកមកហើយនៅក្នុងឆ្នាំ២០២១នេះ។ ចំពោះ​ការបាញ់សម្លាប់រង្គាលមនុស្សកន្លងទៅ​ គឺសំដៅទៅលើករណីបាញ់ប្រហារដែលបណ្ដាលឱ្យមនុស្សភាគច្រេីនស្លាប់ចាប់ពី៤នាក់ឡើងទៅផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖