ខេត្តរតនគិរី៖ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ដឹកនាំសម្របសម្រួលនីតិវិធីកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចុះបង្ក្រាបទីតាំង ល្បែងស៊ីសងឆ្នោតវៀតណាម ក្នុងទីរួមខេត្តរតនគិរី ឃាត់ខ្លួនអ្នកពាក់ព័ន្ធប្រុសស្រីចំនួន ៣នាក់ និងចាប់យកវត្ថុតាងបទល្មើសមួយចំនួនទៀត ករណីនេះបានធ្វើឡើងនៅថ្ងៃទី ២៦ ខែ ឧសភាឆ្នាំ ២០២១ ។កម្លាំងនគរបាលបានប្រាប់ថា: ដោយមានបទបញ្ជា ពីលោកស្នងការនគរបាលខេត្ត និងសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះបង្ក្រាប គាត់ខ្លួនមនុស្សចំនួន ៣នាក់ រួមមាន៖
១. លី ណាវី ភេទ ស្រី អាយុ ៤៨ ឆ្នាំ មុខរបរ លក់ដូរ ភូមិ ៧មករា សង្កាត់ ឡាបានសៀក ក្រុងបានលុង។
២. ឆន ចាន់នី ភេទ ស្រី អាយុ ៣៥ ឆ្នាំ មុខរបរ កាត់ដេរ ភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុង បានលុង។
៣. វ៉ា ធីណូ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ លក់ដូរ ភូមិជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង។
វត្ថុតាងចាប់យករួមមាន៖
-សំភារៈកត់ឆ្នោតមួយចំនួន
-ទូរស័ព្ទដៃចំនួន៣គ្រឿង
-លុយខ្មែរមួយចំនួន
-ម៉ាសុីនកត់ឆ្នោត ១គ្រឿង។
-បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ ខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យជំនាញព្រហ្មទណ្ឌកំរិតស្រាល ដើម្បីបំពេញសំណុំរឿង ចាត់ការតាមនីតិវិធី ។ នៅមានទីតាំងល្បែងស៊ីសងតាមអនឡាញ និងល្បែងផ្សេងៗទៀត កម្លាំងនគរបាលកំពុងតែបន្តតាមអង្កេតដើម្បីឈានដល់ការចុះបង្ក្រាបជាបន្តបន្ទាប់ទៀត៕
ដោយ៖ សិលា