ភ្នំពេញ៖ រដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានចុះពិនិត្យ និងធ្វើកិច្ចសន្យាផ្អាកដំណើរការរយៈពេល ២ថ្ងៃ រោងចក្រ ចំនួន ៤រោងចក្រ ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ។
ជាក់ស្ដែងរោងចក្រ ចំនួន ៤រោងចក្រ ក្នុងមូលដ្ឋាន ខណ្ឌមានជ័យដែលមានសមាសភាពចូលរួមមាន៖
– លោក ទូច សុទ្ធមុត ប្រធានអន្តរាគមន៍ តំណាងកមរសួងការងារ ។
– លោក វ៉ា សុវណ្ណពិសាល ប្រធានការិយាល័យ អភិបាលកិច្ច ។
– លោក ជឹម សុភ័ក្រ អធិការរង នគរបាល ខណ្ឌមានជ័យ ។
– លោក ឆាន់ ប៊ុនធី មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ។
– លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យ២ ។
– លោក យាន ឧត្តម តំណាងសង្កាត់ស្ទឹងមានជ័យទី៣ ។
– លោក ឯម ភារី នាយប៉ុស្តិ៍នគរបាល រដ្ឋបាលស្ទឹងមានជ័យ៣ ។
– លោក បូ សារ៉ន នាយរងប៉ុស្តិ៍ស្ទឹងមានជ័យ២ ។
– តំណាង ថៅកែ រោងចក្រ ទាំង៤ ។
ដោយឡែករោងចក្រទី១.គឺ រោងចក្រ WND (ដាប់ប៊ិលយូ អ៊ែនដ៍ ឌី កម្ពុជា ខូអិលធីឌី(W&D CAMBODIA CO,LTD) មានទីតាំង ផ្លូវចំការដូង ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានកម្មករ សរុប ៨៦៤ នាក់ ស្រី ៧៦៥ នាក់ ក្នុងនោះដែរ រកឃើញអ្នកវិជ្ជមាន មេរោគ កូវីដ-១៩ ១២ នាក់ ៨ករណីថ្មី (៤ ករណីចាស់/៨ ករណីថ្មី) ។
ទី២. រោងចក្រ SLJ / ដេ ស៊ី ណៃ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលមានកម្មករសរុប ៦៣០ នាក់ ក្នុងនោះដែររកឃើញ អ្នកវិជ្ជមាន មេរោគ កូវីដ-១៩ ២២៣ នាក់ ១០៩ ករណីថ្មី (១១៤ ករណីចាស់/១០៩ ករណីថ្មី) ។
ទី៣. រោងចក្រ គូ តាយហ័រ សេងស៊ីងហ្វេងជីង ស្ថិតលើផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានកម្មករសរុប ៧១០ នាក់ ស្រី ៤៧៣ នាក់ ក្នុងនោះដែររកឃើញ អ្នកវិជ្ជមាន មេរោគ កូវីដ-១៩ ៣៩ នាក់ ៦ករណីថ្មី (៣៣ ករណីចាស់/ ៦ ករណីថ្មី) ។
និងទី៤. ក្រុមមហ៊ុន ជុង ហាវ ហ្គាមេន CHOUNG HAO GARMENT CO., LTD. មានអាសយដ្ឋានស្ថិតនៅ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលមានកម្មករសរុប ចំនួន ៥៧០ នាក់ ក្នុងនោះដែររកឃើញវិជ្ជមាន មេរោគកូវីដ-១៩ ១៨នាក់ ១៦ករណីថ្មី (១៨ករណី/១៦ ករណីថ្មី) ។
ក្រោយពីបានពិនិត្យរួច លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និង លោក ទូច សុទ្ធមុត ប្រធានអន្តរាគមន៍ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចផ្អាកដំណើរការ រោងចក្រទាំង៤ រយៈពេល ២ថ្ងៃ គឺគិតត្រឹម ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ជាបណ្តោះអាសន្ន ។
ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ បានគូសបញ្ជាក់ដែរថា ក្រោយផ្អាករយៈពេល ២ថ្ងៃ រោងចក្រ ត្រូវរងចាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះមកពិនិត្យ វាយតម្លៃ និងហានីភ័យជាក់ស្តែងនៅក្នុងរោងចក្រផ្ទាល់ ទើបអនុញ្ញាតអោយដំណើរការការធម្មតាវិញ៕ដោយ ៖ ស តារា