ខេត្តកោះកុង៖ រដ្ឋបាលស្រុកបូទុមសាគរ ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ឡេីងវិញ បានសហការជាមួយកងកម្លាំងសមត្ថកិច្ច រួមនឹងអាជ្ញាធរឃុំភូមិ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ តាមដានពិនិត្យ សុខភាព ចំពោះអ្នកធ្វើដំណើរទៅមក ជាប់ព្រំប្រទល់នឹងស្រុកស្រែអំបិល។ ជាក់ស្ដែងដំណើរការដាក់ប៉ុស្តិ៍ពិនិត្យ វាស់កំដៅ លាងដៃនឹងអាល់កុលនេះ គឺតម្រូវឱ្យពាក់ម៉ាស់ សួរនាំពីប្រវត្តិ គោលដៅចរាចរណ៍ និងតេស្តរហ័ស ចំពោះបុគ្គលសង្ស័យ ជាថ្មីនេះ គឺអនុវត្តលើកំណាត់ ផ្លូវជាតិលេខ៤៨ ភូមិតាំកន់ ឃុំកណ្តោល តទៅ។
បើតាមអភិបាលស្រុកបូទុមសាគរ លោក ហាក់ ឡេង បានថ្លែងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះថា ដោយមើលឃើញ ពីក្តីព្រួយបារម្ភ នៃលំហូរអត្រាឆ្លងជំងឺ កូវីដ១៩ រយៈពេល ៤ថ្ងៃចុងក្រោយនេះ នៅស្រុកស្រែអំបិល ដូច្នេះទើបលោក សម្រេចរៀបចំដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ឡើងវិញ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាល ដល់សហគមន៍។
ចំណែកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បានបញ្ជាក់ដែរថា ជាក់ស្ដែងកាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី២៦ ខែឧសភា ម្សិលមិញនេះ អាជ្ញាធរមូលដ្ឋាន បានរកឃើញមនុស្ស ២នាក់ មានវិជ្ជមានកូវីដ-១៩ នៅក្នុងក្រុងខេមរភូមិន្ទ ខណៈពួកគាត់ធ្វើដំណើរមកពីស្រុកស្រែអំបិល ឆ្ពោះទៅលំនៅដ្ឋាន នៅម្តុំបន្ទាយទាហាន៣០៣ ស្រុកមណ្ឌលសីមា។
សូមជម្រាបថា យោងតាមសាកសួរប្រវត្តិធ្វើដំណើរ និងប៉ះពាល់មនុស្សផ្ទាល់ ឬប្រយោល គ្រូពេទ្យបង្ហាញថា ក្នុងចំណោម អ្នកជំងឺ ២នាក់ ខាងលើ មានម្នាក់ឈ្មោះ មីង ម៉ុល ទីលំនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បន្ទាយទាហាន៣០៣ បានចេញដំណើរ ពីទីរួមខេត្តកោះកុង កាលពីថ្ងៃទី៨ ខែឧសភា ទៅដល់ផ្ទះកូន លក់ឥវ៉ាន់ នៅភូមិសិលាម្នាង ដើម្បីទៅជួយស្ទូងស្រូវនៅតំបន់នោះ។ គាត់មានគ្រួសារ ចំនួន ៦នាក់ គឺកូន២នាក់ (ស្រី១នាក់) ចៅ២នាក់ នៅផ្ទះកូនរបស់គាត់។
ដោយឡែកបេីតាមការលេីកឡេីងរបស់អ្នកជំងឺឈ្មោះ ម៉ុល បានឲ្យដឹងថា រូបគាត់បានចេញដំណើរ ពីភូមិសិលាម្នាង ដែលមានផ្ទះ នៅខាងជើងវត្ត កាលពីថ្ងៃទី២០ ឧសភា ដោយឡានតាក់ស៊ី ឈ្មោះពូហ៊ិន តែ ២នាក់ តៃកុងឡាន ដែលមានផ្ទះ នៅភូមិត្រពាំងឆ្ពោះគោលដៅ ទៅព្រំដែន៣០៣ ហើយគាត់បានចូលសម្រាកផ្ទះបង នៅក្បែរវត្តជោត្តញាណ ឈ្មោះ នុត ង៉ាន់ កាលពីថ្ងៃទី២១ ឧសភា គាត់បានអង្គុយហូបបាយ នៅមុខសាលា សង្កាត់ស្មាច់មាន រួចឆ្លៀតទៅទិញគ្រែងឈាម ពោះគោ ទិញកាបែល នៅផ្សារ ដងទង់ និងទិញបាយនំប៉ាវ នៅម្តុំស្ពានភ្លោះផ្លូវសាខា កាកបាទក្រហមខេត្ត៕ដោយ ៖ សហការី