ភ្នំពេញ៖ ផេកផ្លូវការសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់អោយដឹងថា, នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូសហព័ន្ធយុវជនវៀតណាម ដឹកនាំដោយ លោក ង្វៀន អាញ់ទាន់ ប្រធានសហភាពយុវជនវៀតណាម តាមប្រព័ន្ធវីដេអូអនឡាញ។ ជំនួបពិភាក្សាទ្វេភាគីនេះ គឺជាផ្នែកមួយនៃការផ្លាស់ប្តូរទៅវីញទៅមក ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអង្គការយុវជនទាំង២។
លោក ហ៊ុន ម៉ានី បានថ្លែងទៅកាន់សមភាគីវៀតណាមថា ទោះបីជាស្ថានភាពជំងឺកូវីដ ១៩ មិនអនុញ្ញាតឱ្យស្ថាប័នទាំង២អាចធ្វើទស្សនកិច្ច និងរៀបចំជំនួបដោយផ្ទាល់បាន តែជំនួបតាមរយៈប្រព័ន្ធអនឡាញនាពេលនេះគឺបានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងយុវជនកម្ពុជា-វៀតណាមនៅគ្រប់កាលៈទេសៈ និងកាន់តែរឹងមាំក្នុងគ្រាលំបាកនេះ។
ជាការឆ្លើយតប លោក ង្វៀន អាញ់ទាន់ បានធ្វើការថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជាដែលបានរៀបចំជំនួបនេះឡើង និងបានគូសបញ្ជាក់ថាភាគីទាំង២នឹងមានកិច្ចផ្តួចផ្តើមថ្មីៗបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង២ផងដែរ។
សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា មានចំណងសហប្រតិបត្តិការយុវជនជាមួយបណ្តាអង្គការ ស្ថាប័នយុវជនក្រៅស្រុកជាច្រើនទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេស ព្រះរាជាណាចក្រកម្ពុជា តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងដឹកនាំក្រុមប្រឹក្សាយុវជនអាស៊ី ដែលមានសមាជិក ប្រមាណ ២០ប្រទេសក្នុងទ្វីបអាស៊ីផងដែរ៕
ដោយ ៖ សិលា