ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបញ្ជាឱ្យផលិតនាវាចម្បាំង២០ គ្រឿងឱ្យហើយរួចរាល់ទាន់ពេលវេលាកំណត់។ ការបញ្ជាខាងលើរបស់លោកពូទីនធ្វើឡើងក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិ។
ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា កម្លាំងទាហានត្រូវការជាបន្ទាន់នូវសម្ភារសឹកទំនើបៗ ទាន់សម័យកាល ។ ក្រៅពីនេះ កម្លាំងទាហានអាកាសរុស្ស៊ី ក៏នឹងត្រូវទទួលបានយន្តហោះចម្បាំងទំនើប ១៤៥គ្រឿងបានទាន់ពេលវេលាដែរ ។ ប្រធានាធិបតីពូទីន បានផ្តោតសំខាន់ទៅលើការបង្កើនសមត្ថភាព និងប្រសិទ្ធភាពរបស់កម្លាំងទាហាន ទាំងអស់ ពិសេសគឺកម្លាំងទាហានជើងទឹកនិងជើងអាកាស។
ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០២១ កម្លាំងទាហានរុស្ស៊ីទាំងអស់ ទាំងកងកម្លាំងទាហានអាកាស ទាហានជើងទឹក ជើងគោក នឹងទទួលបានអាវុធទំនើបៗ ៤៧០០ប្រភេទ ដើម្បីជាការត្រៀមធ្វើសង្គ្រាមក្នុងសម័យទំនើប។
រុស្ស៊ីមានគម្រោងចំណាយមូលនិធិការពារជាតិរហូតដល់ ២/៣ក្នុងឆ្នាំ២០២១ ដើម្បីទិញនិងអភិវឌ្ឍសព្វាវុធឲ្យកាន់តែទំនើប ។ នៅក្នុងឆ្នាំនេះកម្លាំងទាហានរុស្ស៊ី នឹងទទួលបានប្រព័ន្ធមីស៊ីលឆ្លងទ្វីប ដល់ទៅ១៣គ្រឿង ប្រភេទ RS-24 “Yars” និងកាំជ្រួចមីស៊ីលល្បឿនលឿន Avangard ។
ចំណុចដែលចាប់អារម្មណ៍បំផុតនៅក្នុងឆ្នាំ២០២១ រុស្ស៊ី នឹងកែទម្រង់ទីតាំងសាកល្បងមីស៊ីល ដើម្បីដាក់ពង្រាយ Avangard ។
ទាំងកម្លាំងទាហានជើងទឹកជើងអាកាស និងកម្លាំងកាំជ្រួចមីស៊ីលរបស់រុស្ស៊ី គឺត្រូវបានអភីវឌ្ឍន៍និងពង្រីកឲ្យកាន់តែខ្លាំងក្លា និងមានប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើសង្គ្រាម។ ចាប់តាំងពីលោកពូទីន ឡើងកាន់តំណែងប្រធានាធិបតីមក លោកបានពង្រឹងកម្លាំងយោធាឱ្យកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីទប់ទល់ការគំរាមកំហែងពីសត្រូវ ពិសេសគឺប្រទេសលោកខាងលិច ៕ដោយ៖ ធីរីណា
រូបភាព៖ baogiaothong