ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់លួចទូរស័ព្ទគេរត់គេចខ្លួនបាន១០ថ្ងៃត្រូវម្ចាស់ទ្រព្យឃើញឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

     ភ្នំពេញ៖ ជនសង្ស័យម្នាក់បានលួចទូរស័ព្ទរបស់គេហើយរត់គេចខ្លួនបាន១០ថ្ងៃត្រូវម្ចាស់ទូរស័ព្ទឃើញដើរនៅក្នុងភូមិក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច យកទៅចាត់ការតាមច្បាប់។

  ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យជាចោរលួចទូរស័ព្ទនេះគឺធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

   លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌ បានឱ្យដឹងថាជនសង្ស័យឈ្មោះ ឌឿន ទ្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល៨ខែក្នុងឆ្នាំ២០១៧ ពីបទលួចនិងប្រើប្រាស់គ្រឿងញៀន។ 

  ចំណែកជនរងគ្រោះឈ្មោះ ហង្ស សំអូន ភេទ ប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះកើតហេតុ ។

  ប្រភពពត៌មានពីលោកអធិការរងបានឱ្យដឹងទៀតថា កាលពីវេលាម៉ោង៩និង៥០នាទី ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះគ្មានលេខផ្លូវបេតុង ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជនរងគ្រោះបានទុកទូរស័ព្ទដៃ០១គ្រឿង ម៉ាក Samsung Note-៨ ពណ៌ខ្មៅនៅលើម៉ូតូកង់បីត្រង់ចំណុចកើតហេតុ រួចក៏ចូលទៅក្នុងផ្ទះ ស្រាប់តែជនសង្ស័យដើរមកដល់លួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះហើយគេចខ្លួនយកទៅលក់ឲ្យគេបានលុយ ៥០ដុល្លារ ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ បន្ទាប់មកជនរងគ្រោះក៏ឆែកកាមេរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យជាអ្នកធ្វើសកម្មភាពលួចទូរស័ព្ទរបស់ខ្លួនក៏ដើររកតែរកមិនឃើញ។ លុះមកដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទីរសៀល ជនរងគ្រោះឃើញជនសង្ស័យកំពុងនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក៏បានឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ។ 

  បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖