ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បង្ហាញក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២១ កាលពីពេលកន្លងទៅនេះ ដោយបានបញ្ជាក់ថា នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២១នេះ បានប្រមូលចំណូលសរុបចំនួនប្រមាណជាង ២,៤៨៩ពាន់លានរៀល ស្មើប្រមាណជាង ៦១៤លានដុល្លារអាម៉េរិក ប្រៀបធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២០ មានការថយចុះប្រមាណជាង ១៥ភាគរយ។
របាយការណ៍ដដែល បានបញ្ជាក់បន្ថែមថា សម្រាប់ការប្រមូលចំណូលនៅក្នុងខែមីនា កន្លងទៅ បានចំនួនប្រមាណជាង ៨៥៥ពាន់លានរៀល ស្មើជាង ២១១លានដុល្លារ ថយចុះប្រមាណជាង ៤ភាគរយ ធៀបនឹងខែមីនា ឆ្នាំ២០២០។
ដោយឡែកទាក់ទិនចំណូលនេះដែរ បើគិតតាមប្រភេទពន្ធនិងអាករ មើលឃើញថា អាករលើតម្លៃបន្ថែមមានចំនួនជាង ៩៣០ពាន់លានរៀល ត្រូវប្រមាណជា ៣៧ភាគរយ នៃចំណូលសរុប, អាករពិសេស ៩៥៨ពាន់លានរៀល ស្មើនឹងជាង ៣៨ភាគរយ នៃចំណូលសរុប, ពន្ធគយមានចំនួនជាង ៤៤៣ពាន់លានរៀល ស្មើនឹងជិត ១៧ភាគរយ នៃចំណូលសរុប, អាករបន្ថែមលើផលិតផលប្រេងជាង ១០៦ពាន់លានរៀល ស្មើនឹងជាង ៤ភាគរយ នៃចំណូលសរុប, និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ៥១ពាន់លានរៀល ស្មើនឹង ២ភាគរយ នៃចំណូលសរុប។
បើគិតតាមប្រភេទទំនិញ ក្នុងនោះចំណូលពីយានយន្តនិងគ្រឿងចក្រមានចំនួនជាង ១ពាន់ប៊ីលានរៀល គ្របដណ្តប់ ៤៣ភាគរយ នៃចំណូលសរុប, ទំនិញចម្រុះជាង៦៨០ប៊ីលានរៀល ត្រូវជាង ២៧ភាគរយ នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួនជាង ៥៦០ប៊ីលានរៀល ជិត ២៣ភាគរយ នៃចំណូលសរុប និងសម្ភារសំណង់រួមជាមួយកម្រៃផ្សេងៗ មានចំនួនប្រមាណ ១៥៦ប៊ីលានរៀល ស្មើជាង ៦ភាគរយ នៃចំណូលសរុប។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានរៀបរាប់បន្ថែមទៀតថា៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ បេីប្រៀបធៀបរយៈពេលដូចគ្នា ការនាំចេញផលិតផលកាត់ដេរ មានចំនួនជាង ២,៥០០លានដុល្លារ ថយចុះជាង ១៤៥លានដុល្លារ ស្មើជាង ៥ភាគរយ ធៀបរយៈពេលដូចគ្នានឹង ឆ្នាំ២០២០។
ក្នុងនោះរួមមាន៖ ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរដូចជា កង់, បង្គុំខ្សែភ្លើង, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានចំនួនជាង ៨៨៧លានដុល្លារ កើនឡើងជាង ៣០០លានដុល្លារ ស្មើជាង ៥២ភាគរយ កំណើនល្អប្រសើរនៃការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរនេះ បានឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា។ ចំណែកការនាំចេញកសិផលឯណោះវិញ នៅក្នុងរយៈពេលដូចគ្នាខាងលើ សរុបចំនួនជាង ១ពាន់លានដុល្លារ កើនឡើងប្រមាណជាង ៤១៨លានដុល្លារ ស្មើជាង ៧០ភាគរយ មានដូចជា៖ ស្រូវ អង្ករ កៅស៊ូ និងកសិផលផ្សេងទៀត៕ដោយ៖សហការី
រូបភាព ៖ ឯកសារ