ខេត្តកំពត៖ បេីយោងតាមការបញ្ជាក់ពីនាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស សូរិន បានថ្លែងឲ្យដឹងថា សកម្មភាពនៃការនេសាទ ក៏ដូចជា៖ ការធ្វើវារីវប្បកម្ម ទាំងទឹកសាប ទាំងទឹកប្រៃ ក្នុងខេត្តកំពត បាននិងកំពុងដំណើរការជាប្រក្រតី បេីទោះបីជាកម្ពុជាស្ថិតក្នុងដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ក្តី។ ជាក់ស្ដែងគិតត្រឹមចុងខែឧសភា ឆ្នាំ២០២១នេះ មានរយៈពេល ៥ខែ ការប្រមូលផលនេសាទ បានជាង ៨ពាន់តោន។
លោកនាយខណ្ឌរដ្ឋបាលជលផលរូបនេះ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន មានទូកម៉ាស៊ីន ចំនួន ១.០៥៣ គ្រឿង កំពុងដំណើរការនេសាទ នៅលើផ្ទៃសមុទ្រ ហើយស្ថានភាព នៃមុខរបរនេះ បានប្រព្រឹត្តឡើងជាធម្មតា ទោះប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាខ្យល់កន្ត្រាក់ម្តងម្កាលក្ដី។ បងប្អូនប្រជានេសាទ នៅតែចេញទៅសមុទ្រ រៀងរាល់ថ្ងៃដោយមិនមានការអាក់ខាននោះឡើយ។
មន្រ្តីជលផលរូបនេះ បន្ដថា ជាក់ស្ដែងរយៈពេល ៥ខែ ដើមឆ្នាំ២០២១នេះ នៅទូទាំងខេត្តកំពត ការប្រមូលផលនេសាទ បាន ៨.២០២ តោន។ ក្នុងនោះ ផលនេសាទសមុទ្រ មាន ៧.៤៤៣ តោន និងផលនេសាទទឹកសាប ទម្ងន់ ៧៥៩ តោន។ ចំណែកផលវារី វប្បកម្ម សរុបមានទម្ងន់ ១.៦៦៩ តោន ដោយវារីវប្បកម្មសមុទ្រ ចំនួន ១.៤០៧ តោន និងវារីវប្បកម្មទឹកសាប ទម្ងន់ ២៦២ តោន។លេីសពីនេះទៅទៀត លោកនាយខណ្ឌរដ្ឋបាលរូបនេះ សង្កត់ធ្ងន់ថា បេីទោះបីជាអំឡុងពេលវិបត្តិជំងឺកូវីដ-១៩នេះ មានការនាំចូលផលនសាទ តិចតួច ដោយសារតម្រូវការទីផ្សារ ហាក់ត្រូវបានបង្រួមតូច ព្រោះភោជនីយដ្ឋាន អាហារដ្ឋានខ្លះ បានបិទសេវាកម្ម ពិសេសទេសចរ មិនទាន់មានសកម្មភាពដូចមុនក៏ដោយ។ តែតម្លៃផលនេសាទ គឺមិនមានការធ្លាក់ចុះនោះទេ គឺនៅរក្សាតម្លៃបាននឹងដដែល៕ដោយ៖សហការី
រូបភាព៖ឯកសារ