ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ​! ប្រជាជនអាមេរិក មានអ្នកជំងឺកូវីដ-១៩​ចំនួន​ ៦៣០នាក់ស្លាប់;​ ខណៈ​មនុស្សឆ្លងថ្មី​ ២.៤ម៉ឺននាក់ទៀត

ចែករំលែក៖

អន្តរជាតិ​៖ យោង​តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១​ បានបង្ហាញថា​ ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ​ អាជ្ញាធរ​ បានរកឃើញប្រជាជនអាមេរិកចំនួន ២៤,៣៩៣នាក់ទៀត​ បានឆ្លងជំងឺ COVID-19 ;​ ចំណែក​អ្នកជំងឺ ៦៣០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ទិន្នន័យគេហទំព័រ Worldometers បានបញ្ជាក់បន្ថែមថា​ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៩៩៩,៦៨០ករណី ក្នុងនោះ៖​ មានអ្នកស្លាប់សរុបចំនួន ៦០៧,៧២៦នាក់ និងជាសះស្បើយឡើងសរុប ២៧,៧០១,៨៧៩នាក់។ ដោយ​ឡែក​សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក​ គឺមានជាង ៣៣២លាននាក់។

គួរបញ្ជាក់ថា​ កាលពីដើមសប្ដាហ៍នេះ​ សេតវិមាន​ បានប្រកាសថា មនុស្សពេញវ័យនៅសហរដ្ឋអាមេរិក ប្រមាណជាងពាក់កណ្តាលហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ឬ ០២ដូស ពោលគឺប្រហែល ០៦សប្តាហ៍ មុនគោលដៅរបស់លោកប្រធានាធិបតី ចូ បៃដិន នៅថ្ងៃទី០៤ ខែកក្កដា ដែលសមានបំណងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូសជូនដល់មនុស្សពេញវ័យ នៅសហរដ្ឋអាមេរិកប្រមាណ ៧០ភាគរយ។បច្ចុប្បន្ន​ គិតត្រឹមថ្ងៃទី២៧ ខែឧសភា សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៨៩លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៦៥.០៧លាននាក់ (៥០.៣%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ១៣២លាននាក់ (៤០.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ដោយ ​៖ ស​ តារា

រូបភាព​៖ឯកសារ​ នៅសហរដ្ឋ​អាមេរិក​ អំឡុង​ពេល​កូវីដ​


ចែករំលែក៖