ព័ត៌មានទាន់ហេតុការណ៍៖

ពុទ្ធោអើយកូវីដ-១៩ វាយលុកខ្លាំងមែនទែន ! ឃ្លាំងស្តុកទំនិញ (ស្តុកខារ៉ាបាវ) របស់ឈ្មោះ ស ពុទ្ធា មានកម្មករសរុប ៥៣ នាក់ ឆ្លងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភព ពីរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, នៅវេលាម៉ោង ៩៖០០នាទីព្រឹក ថ្ងៃ សុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០២១នេះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានចុះបិទទីតាំងឃ្លាំងស្តុកទំនិញ (ស្តុកខារ៉ាបាវ)  របស់ឈ្មោះ ស ពុទ្ធា មានកម្មករសរុប ៥៣ នាក់ ដែលមានទីតាំង ស្ថិតនៅឃ្លាំងលេខ ៤៧០ ក្រុមទី៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបញ្ជាក់ថាទីតាំងនេះ មានករណី រកឃើញ អ្នកវិជ្ជមាន មេរោគកូវីដ-១៩ សរុបចំនួន (៥៣នាក់) ជាកម្មករ ធ្វើការក្នុងឃ្លាំងស្តុកទំនិញភេសជ្ជះ ខារ៉ាបាវ  ដែលបានពាក់ព័ន្ធជាមួយ ឈ្មោះ ជាម ដា ភេទស្រី អាយុ ៤៨ឆ្នាំ ជាជនអនាថា ដែលបានស្លាប់ដោយសារ កូវីដ-១៩ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដែលមានទីតាំង ស្ថិតនៅទីតាំងជិតឃ្លាំងនោះផ្ទាល់ ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ   បានដឹកនាំធ្វើការហុំព័ទ្ធទីតាំងឃ្លាំងខាងលើនោះភ្លាម ហាមមិនអោយបងប្អូនប្រជាពលរដ្ឋដែរនៅក្បែរនោះនិងអ្នកឆ្លងកាត់មានការប៉ះពាល់បានឡើយ ម្យ៉ាងវិញទៀតអ្នកដែរបានពិនិត្យរួចហើយ(ធ្វើតេស្ត)គឺតំរូវអោយធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ បន្តទៀតក្នុងមូលដ្ឋានសង្កាត់ផងដែរ។
សូមបញ្ជាក់ថា, នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ​២០២១​ រកឃើញអ្នកឆ្លងថ្មី ៥៩៩នាក់ទៀត ជាសះស្បើយ ៥០២នាក់ និងស្លាប់ ០២នាក់៖
– ករណីឆ្លងសហគមន៍ ៥៧៤នាក់
– អ្នកដំណើរពីបរទេស ២៥នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 28,237 នាក់
– អ្នកជាសះស្បើយ= 20,900 នាក់
– អ្នកស្លាប់= 196 នាក់ ៕

ដោយ៖ សិលា


ចែករំលែក៖