ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នារត់ទៅចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ច បន្ទាប់ពីបុរសចំណាស់ម្នាក់ឡើងកាប់ដើមកោះមាន់ហើយចៃដន្យបាក់មែកធ្លាក់មកដីបណ្តាលឱ្យស្លាប់កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២១នៅក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះទេព សុធី អាយុ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅ ក្នុងភូមិឃំុកេីតហេតុខាងលេី។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរសរងគ្រោះខាងលើបានឡើងកាប់ដើមកោះមាន់ចេញ ប៉ុន្តែនៅពេលដែលកំពុងកាប់នោះស្រាប់តែបាក់មែកធ្លាក់មកដីបណ្ដាលអោយបុកចំដើមទ្រូងជនរងគ្រោះនិងត្រូវចំមុខបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទៅចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីជួយសង្គ្រោះ តែជាអកុសលដោយសាររបួសធ្ងន់ធ្ងរពេកជនរងគ្រោះក៏ផុតដង្ហើមគួរឱ្យអាសូរ។
ក្រោយពីសមត្ថកិច្ចបានមកពិនិត្យសពរួចក៏បានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន