ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ដែលប្រោសព្រះរាជូបត្ថម្ភ នូវព្រះរាជទ្រព្យចំនួន ៦ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ នៅថ្ងៃសៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភ នូវព្រះរាជទ្រព្យចំនួន ៦ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់២ត្រីមាស (ខែកក្កដា ដល់ខែធ្នូ) ឆ្នាំ២០២១ ។

នៅក្នុងសារលិខិតនោះមានខ្លឹមសារថា៖ «ខ្ញុំម្ចាស់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី បុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ៦,០០០ដុល្លារ (ប្រាំមួយពាន់ដុល្លារអាមេរិក) របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដែលជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លា ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់២ត្រីមាស (ខែកក្កដា ដល់ខែធ្នូ) ឆ្នាំ២០២១» ។

តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី បុគ្គលិកទាំងអស់នៃកាកបាទក្រហមកម្ពុជា «ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភជារៀងរហូតមក សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ខ្ញុំម្ចាស់ និងសហការីទាំងអស់ នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ ទៅតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជួយសង្គ្រោះដល់ប្រជារាស្ត្រក្រីក្រ និងប្រជារាស្ត្រដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។

«ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំ២០២១នេះ សូមប្រោសព្រះរាជទានព្រះពរជ័យ បវរមហាប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជារាស្ត្រ ជាកូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនតរៀងទៅ»៕

សូមអានព័ត៌មានលម្អិតនៅក្នុង​សារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ​ ដូចខាងក្រោម​៖

ដោយ៖ សហការី


ចែករំលែក៖