ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកឡិចសុីសLX-570 រងការខូចខាតជាច្រើន

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ដោយបើកគេចពីរថយន្តមួយគ្រឿងរហូតដល់ជ្រុលល្បឿនទៅបុករថយន្តស៊េរីទំនើបម៉ាកឡិចសុីស LX-570មួយគ្រឿង ពេញទំហឹងបណ្តាលឱ្យរថយន្តខូចខាតផ្នែកខាងមុខជាច្រើន ចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។

  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A កែងផ្លូវចូលទៅរង្វង់មូលទេពមច្ឆា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

  តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកឃ្លីក ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HV-2372 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A    ក្នុងទិសដៅពីជើងទៅត្បូងដោយមានល្បឿនលឿន ខណៈពេលមកដល់កែង ផ្លូវចូលទៅរង្វង់មូលទេពមច្ឆាដែលជាចំណុចកើតហេតុ ស្រាប់តែម៉ូតូគេចពីរថយន្តមួយគ្រឿងមិនចាំម៉ាក រហូតជ្រុលល្បឿនទៅបុករថយន្តស៊េរីទំនើប ម៉ាក ឡិចសុីសLX-570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-1728 ដែលកំពុងឈប់ភ្លើងស្តុបនៅលើផ្លូវចូលទៅរង្វង់មូល ទេពមច្ឆា បម្រុងធ្វើដំណើរឡើងមកផ្លូវជាតិលេខ៦A យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខអស់ជាច្រើន ចំណែកម៉ូតូរងការខូចខាតអស់ជាច្រើនដូចគ្នា រីឯម្ចាស់ម៉ូតូរងរបួសស្រាល។

  ក្រោយពេលកើតហេតុ ដោយម្ចាស់រថយន្តឃើញម្ចាស់ម៉ូតូក្មេងពេក ហើយមានជីវភាពក្រីក្រ ទើបសម្រេចចិត្តយករថយន្តទៅជួសជុលខ្លួនឯងតែម្តង ដើម្បីបញ្ជប់រឿង៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖