ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តធុនធំសណ្ដោងទ្រុងក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុករថយន្តឡិចស៊ីសពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង២៥នាទីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងជាប់នឹងផ្លូវរថភ្លើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីសRX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AV-0201 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរជាក្រុមគ្រួសារធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុដោយសារមានការកកស្ទះចរាចរណ៍ អ្នកបើករថយន្តនេះក៏បានបន្ថយល្បឿន ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយពណ៌ត្រេអុី ពាក់ស្លាកលេខខេមរភូមិន្ទ02 4 – 6534បើកបរដោយបុរសម្នាក់ស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿនជាន់ហ្រ្វ័ងមិនសុីក៏ជ្រុលទៅបុករថយន្តឡិចស៊ីសពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ចំណុចកើតហេតុ និងបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបង្កយល់ព្រមសងថ្លៃការខូចខាតទៅរថយន្តឡិចសុីសដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ៖ និន សុភ័ស្ត