ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវលំមួយខ្សែក្លាយជាថ្លុកត្រពាំងដោយសាររថយន្តដឹកដី អាជ្ញាធរថា មិនទាន់ធ្វើព្រោះរដូវភ្លៀងធ្លាក់(មានវីដេអូ​)

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ផ្លូវលំមួយខ្សែមានប្រវែង៦៣០ម៉ែត្រស្ថិតក្នុងភូមិ ប្រជាធម្មលិច មណ្ឌល១ សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ត្រូវបំផ្លាញដោយរថយន្តធុនតូច-ធំចូលដឹកដីព្រឹកល្ងាចឲ្យក្លាយជាជង្ហុកធំៗប្រៀបដូចថ្លុកក្របីហើយមិនត្រូវបានអាជ្ញាធរមូលដ្ឋានបើកភ្នែកមើលឡើយ ឬក៏បានដឹងដែរតែសុខចិត្តបិទភ្នែកទុកឲ្យរថយន្តទាំងនោះធ្វើអាជីវកម្មគ្រាន់ចិញ្ចឹមឆ្នាំងបាយ?នេះបើតាមការអះអាងរបស់ប្រជាពលរដ្ឋមួយចំនួន។

ប្រជាពលរដ្ឋរស់នៅភូមិខាងលើ បានឲ្យដឹងថា ផ្លូវលំមួយខ្សែផ្សេងជាប់ផ្លូវនេះជាត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតសហការជាមួយអង្គការក្រៅរដ្ឋាភិបាលមូយស្ថាបនាកែលម្អច្រើនឆ្នាំមកហើយ និងបានចាក់បេតុងងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៀតផង។ប៉ុនែ្តកន្លងមកនៅសល់ផ្លូវមួយនេះដែលធ្វើមិនទាន់ហើយមានប្រវែងប្រហែលជាងកន្លះគីឡូម៉ែត្រមិនដឹងថាមូលហេតុអ្វីបានជាអាជ្ញាធរមូលដ្ឋានមិនព្រមធ្វើ? ឬមួយត្រូវរ៉ូវនឹងឈ្មួញបានជាគេឃើញមានរថយន្តឈ្មួញដឹកទំនិញ ជាពិសេសរថយន្តធ្វើអាជីវកម្មដឹកអាចម៍ដីធ្វើដំណើរឆ្លងកាត់២៤ម៉ោងលើ២៤ម៉ោងបណ្តាលឲ្យផ្លូវស្រុត ក្លាយជាជង្ហុកដូចរន្ធបាយខុមឬដូចថ្លុកក្របីទៅហើយ។ នៅពេលមានភ្លៀងធ្លាក់ម្តងៗ ផ្លូវលំដ៏អភ័ព្វមួយនេះបែកភក់បែកម៉ាំ ធ្វើឲ្យកង់ម៉ូតូប្រជាកសិករដឹកកសិផលយកទៅលក់លើទីផ្សាររអឹលដួលដាច់ដៃដាច់ជើងនិងខូចខាតទំនិញរបស់គាត់ជាញឹកញាប់។

ដោយលំបាកភ្នែកពេកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ប្រជាពលរដ្ឋម្នាក់បានថតជាវីដេអូនូវសកម្មភាពខូចខាតផ្លូវនេះដែលរអឹលដូចខ្លាញ់និងមានជង្ហុកដក់ទឹកយ៉ាងច្រើនស្អេកស្កះដោយសាររថយន្តដឹកទំនិញនិង រថយន្តដឹកដី រួចផ្ញើមកការិយាល័យនិពន្ធកាសែតនគរវត្តឲ្យជួយចុះផ្សាយដល់អាជ្ញាធរមូលដ្ឋានបានជ្រាបនិងជួយទៅស្រោចស្រង់ផ្លូវមួយខ្សែនេះផង បើពុំដូចោះទេ ផ្លូវនេះនឹងក្លាយជាស្រែមិនខាន។ទីបំផុត ប្រជាពលរដ្ឋរូបនេះស្រែកថា” ពូៗ មេៗ អើយ! ជួយមើលផ្លូវមួយខ្សែនេះផង! ”

យ៉ាងណាលោក សម្បត្តិ មេភូមិ ប្រជាធម្មលិច បានប្រាប់ភ្នាក់ងារកាសែតនគរវត្តតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៣០ខែឧសភានេះថា ផ្លូវដែលចាក់បេតុងហើយមានប្រវែងជិត៤គីឡូម៉ែត្រស្ថិតនៅក្នុងគម្រោងនៃផែនការ៣ឆ្នាំរំកិលរបស់សង្កាត់។ឯផ្លូវលំដែលរងការខូចខាតនេះមានប្រវែង៦៣០ម៉ែត្រអាចនៅក្រៅគម្រោងអភិវឌ្ឃន៍។

ចំណែកលោក ស្រិល អ៊ិន ចៅសង្កាត់ផ្សារកណ្តាលបានប្រាប់ថាផ្លូវលំដែលរងខូចខាតដោយសារឡានដឹកដីធ្វើផ្លូវតាមផែនការរួចទៅហើយនោះជាផ្លូវក្រៅគម្រោង តែលោកបានស្នើសុំទៅលោកអភិបាលក្រុងត្រូវតែចាក់បេតុងផ្លូវនេះផងដែរ។

លោកចៅសង្កាត់អះអាងថា ជាមួយការកៀងគរដល់សប្បុរសជនមួយចំនួនជួយជាថ្មក្រាលនិងគម្រោងសង្កាត់ផងដែរនោះផ្លូវនេះរៀបនឹងស្ថាបនាទៅហើយតែបែរជាមានភ្លៀងធ្លាក់ជោកជាំធ្វើឲ្យអាក់ខាន។តែយ៉ាងណាលោកចៅសង្កាត់បញ្ជាក់ថា បើគ្រោះធម្មជាតិមានអំណោយផលយើងត្រូវធ្វើឲ្យហើយនៅឆ្នាំនេះ តែបើមិនអំណោយផលនឹងធ្វើឲ្យហើយនៅឆ្នាំក្រោយឲ្យបានសម្រេច១០០ភាគរយ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖