ភ្នំពេញ៖ ជនជាតិចិនបើករថយន្តបុកម៉ូតូនៅចំណុចផ្លូវបំបែកជាបួនអូសជាច្រើនម៉ែត្របណ្ដាលឲ្យនារីម្នាក់ស្លាប់នឹងម្នាក់ទៀតរងបានរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មាះ ស្រី នីត អាយុជាង២០(ស្លាប់) ចំណែកអ្នករងរបួសវិញមិនមាននរណាម្នាក់ស្គាល់អត្ដសញ្ញាណនៅឡើយ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គេបានឃើញជនជាតិចិនបើករថយន្តម៉ាក MG ពណ៌ខ្មៅ ពាក់ស្លាកលេខ2BK-1937 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦០ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនក៏បានជ្រុលទៅបុកជាមួយនឹងម៉ូតូរបស់ជនរងគ្រោះម៉ាក Zoomer X ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1GT-8052 ជិះឌុបគ្នាពេញទំហឹងបណ្ដាលឲ្យម៉ូតូនឹងនារីម្នាក់គៀបជាប់នឹងកាងរថយន្តអូសរហូតមកដល់ផ្លូវលេខ៤៨៨ ទល់មុខនឹងសាលាហ៊ុននាងបឹងត្របែក ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ទើបរបូតចេញពីកាងរថយន្តបណ្ដាលឱ្យនារីម្នាក់ស្លាប់ ចំណែករថយន្តបង្កព្យាយាមបើករត់តែត្រូវបាន ប្រជាពលរដ្ឋដេញចាប់វាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់ទៅឲ្យសមត្ថកិច្ច និងម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់បានទាក់ទងទៅសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ យករថយន្ត និងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយគ្នាទៅតាមនីតិវិធីច្បាប់។ចំណែកសពជនរងគ្រោះបានធ្វើកំណត់ហេតុរួចរាល់ក៏បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ជ្រោយពេជ្រ