ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ និងក្រុមការងារប្រគល់គ្រឿងឧបភោគបរិភោគ និងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ដល់រដ្ឋបាលឃុំថ្នាធ្នង់ ស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវបានលោក តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ អមដំណើរជាមួយ លោក រាណ សុវណ្ណារិទ្ធិ លោក ពៅ សុធារិន អនុប្រធានក្រុមការងារបានយកមកប្រគល់ជូនរដ្ឋបាលឃុំថ្នាធ្នង់ ដើម្បីចាត់ចែង ដល់មណ្ឌលចត្តាឡីស័កឃុំ ជូនដល់ពលករមកពីក្រៅប្រទេស និង កម្មករ កម្មការិនី កំពុងធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាវត្តធ្នង់នាថ្ងៃអាទិត្យ ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

លោក តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់បានឱ្យដឹងថាសម្ភារដែលយកមកប្រគល់នាពេលនេះរួមមាន៖ ទឹកសុទ្ធ ២០០យួរ អង្ករ ៥បេ (១០០គីឡូក្រាម) មីម៉ាម៉ា ៦កេស ត្រីខ ៥០កំប៉ុង ទឹកត្រី ២យួរ ទឹកសុីអុីវ ២យួរ សាប៊ូ ១០០ដុំ ម៉ាស់ ៥០ប្រអប់ ទឹកសំលាប់មេរោគ ២កាន (៦០លីត្រ) អាល់កុល ១កាន (៣០លីត្រ) ដបអាល់កុល ៥០ដប។

ក្នុងឱកាសនោះលោក តូច ប៉ូលីវ៉ា ក៏បានស្នើ​ដល់​អាជ្ញាធរឃុំថ្នាធ្នង់ និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះ​បងប្អូនពលករមកពីក្រៅប្រទេស និង កម្មករ កម្មការិនី កំពុងធ្វើចត្តាឡីស័ក ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកក៏ បានសំណូមពរដល់ពលករមកពីក្រៅប្រទេស និង កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាវត្តធ្នង់នេះ ចូលរួម​ការ​ប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំ ៣កុំ ៣ការពារ ឱ្យជាប់ជានិច្ចតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងតាមវិធានក្រសួងសុខាភិបាលផងដែរ។

បន្ទាប់មកលោក តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់  លោក រាណ សុវណ្ណារិទ្ធិ លោក ពៅ សុធារិន អនុប្រធានក្រុមការងារក៏បានអញ្ជើញចុះពិនិត្យមើលការជួលជុលទីស្នាក់ការគណបក្សឃុំថ្នាធ្នង់ផងដែរ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖