អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ បានដកស្រង់ចេញផ្សាយពីក្រុមហ៊ុនកសិពាណិជ្ជកម្មដ៏ធំបំផុតរបស់ថៃដែលហៅកាត់ថា CP Foods បានប្រកាសថា ក្រោយរកឃើញថាមានកម្មករជាច្រើននាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩ បានសម្រេចបិទទ្វាររោងចក្រមួយរបស់ខ្លួន ក្នុងរយៈពេល ៥ថ្ងៃ។
ជាក់ស្ដែងនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន CP Foods បាននិយាយថា រោងចក្រកែច្នៃសាច់មាន់របស់ក្រុមហ៊ុននៅក្នុងខេត្ត Saraburi នឹងត្រូវបិទទ្វារចាប់ពីថ្ងៃអាទិត្យនេះដល់ថ្ងៃព្រហស្បតិ៍។ ចំណែករោងចក្រកែច្នៃចំណីអាហាររចំនួន១៨កន្លែងផ្សេងទៀត នឹងនៅតែដំណើរការជាធម្មតា។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត Saraburi ក៏បានថ្លែងថា ក្នុងចំណោមកម្មករចំនួន ៥,៨០០នាក់នៅក្នុងរោងចក្របិទទ្វារនោះ មាន ២៤៥នាក់បានធ្វើតេស្តវិជ្ជមាន ខណៈពេលដែលកម្មករផ្សេងទៀតកំពុងរងចាំការធ្វើតេស្ត និងទទួលលទ្ធផល។គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០កន្លងទៅ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៥៤,៣០៧ករណី ក្នុងនោះមានអ្នកស្លាប់ ១,០១២នាក់ និងអ្នកជាសះស្បើយ ១០៥,២៤៤នាក់៕
ដោយ៖ស តារា