ភ្នំពេញ៖ រដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយលោក ទូច សុទ្ធមុត តំណាងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក វ៉ា សុវណ្ណពិសាល ក្រុមការងារអធិការកិច្ច នៅវេលាម៉ោង ១០ព្រឹកថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារបច្ចេកទេសចម្រុះចុះមកពិនិត្យ និងវាយតម្លៃ ស៊ីជីក្លរី (ខាមបូឌា) មានទីតាំងស្ថិតនៅផ្លូវទ្រង់មាន់ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមសេចក្តីណែនាំរួម លេខ០៤៥/២១ កប/ស.ណ.ខ.ល ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីលក្ខណៈវិនិច្ឆ័យក្នុងការផ្អាក និងបើកឡើងវិញ នូវសកម្មភាពអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងវិធានការចាំបាច់ពេលបើកដំណើរការឡើងវិញ ។
ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា រោងចក្រ ស៊ីជីក្លរី (ខាមបូឌា) មានទីតាំងស្ថិតនៅផ្លូវទ្រង់មាន់ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានកម្មករ សរុប ចំនួន ៨៣៥ នាក់ ស្រី ១៥០ នាក់ ក្នុងនោះដែរ រកឃើញអ្នកវិជ្ជមាន មេរោគ កូវីដ-១៩ ចំនួន ២១ នាក់ ករណីថ្មី ករណីចាស់ ១៣ នាក់ សរុបកម្មករ កម្មការិនី វិជ្ជមាន មេរោគកូវីដ-១៩ ចំនួន ៣៤នាក់/៨៣៥នាក់ នៃកម្មករសរុប ។
ក្រោយពីការពិនិត្យ និងវាយតម្លៃ ក្នុងការទប់ស្កាត់កុំអោយរាលដាលក្នុង ខណ្ឌមានជ័យ មន្រ្តីតំណាងក្រសួងការងារ សម្រេចអោយផ្នែកខ្លះ អាចបន្តសកម្មភាពអាជីវកម្ម ផលិតកម្ម នូវចង្វាក់ផលិតកម្ម ចំនួន ៩ក្រុម ក្នុងចំណោម ១០ក្រុម (QC L, QC F , តុកាត់, វេចខ្ចប់, ឃ្លាំងក្រណាត់, ឃ្លាំងសំភារៈ, កាតុង, ឃ្លាំងសម្រេច, និងផ្នែកអ៊ុត)។ និងសម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម នូវចង្វាក់ផលិតកម្ម ១ក្រុម គឺ (ផ្អាកក្រុមទី២ ចំនួន ១៨ នាក់ រយៈពេលប្រាំពីរថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ជាបណ្តោះអាសន្ន៕
ដោយ ៖ ស តារា