ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១បានចេញមកច្រានចោលចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថានឹងបិទរាជធានីភ្នំពេញឡើងវិញ ដោយសារជំងឹកូវីដ-១៩ បន្ទាប់ពីចំនួនអ្នកឆ្លងជំងឺនេះហាក់មានការកើនឡើង។
លោក ឃួង ស្រេង បានអះអាងថា រហូតមកដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធ រួមជាមួយក្រសួងសុខាភិបាល បាននិងកំពុងបន្ដប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាទីបំផុតជាមួយជំងឺកូវីដ-១៩ ដែលកំពុងមានការឆ្លងរីករាលដាលនៅទូទាំងប្រទេសកម្ពុជា។
អភិបាលរាជធានីភ្នំពេញបានថ្លែងថា «ប៉ុន្មានថ្ងៃនេះមានការចែកចាយព័ត៌មានថា អាជ្ញាធរនឹងបិទរាជធានីភ្នំពេញឡើងវិញ ខ្ញុំសូមជម្រាបជូនថា រហូតមកដល់ពេលនេះ យើងមិនទាន់មានគោលការណ៍ពីរាជរដ្ឋាភិបាលដើម្បីបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញនោះទេ»។
លោកក៏បានបង្ហាញនូវការសោកស្ដាយចំពោះការចែកចាយព័ត៌មាន ដែលមិនទាន់មានការសម្រេចច្បាស់លាស់ ពាក់ព័ន្ធនឹងការបិទរាជធានីភ្នំពេញ ឡើងវិញនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសហាក់មានការកើនឡើងវិញ ខណៈដែលរាជធានីភ្នំពេញ ក៏កើននូវចំនួនអ្នកឆ្លងដូចគ្នានេះដែរ ជាហេតុធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ បានកែសម្រួលវិធានការចំពោះតំបន់មួយចំនួន ដែលត្រូវបានដាក់ជាតំបន់លឿងទៅជាតំបន់លឿងទុំវិញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល៕
ដោយ ៖ សំរិត