ភ្នំពេញ៖ ជនជាតិចិនបើករថយន្តToyota Prius មួយគ្រឿងក្នុងស្ថានភាពស្រវឹងខ្លាំងបានជ្រុលចង្កូតទៅបុកលូចំនួន២កង់ដែលគេទុកចោលតាមចិញ្ចើមផ្លូវបណ្ដាលឱ្យបែកបាក់ រីឯរថយន្តខូចផ្នែកខាងមុខទៅលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២១ នៅចំណុចមុខរោងចក្រទឹកដោះគោ តាមបណ្ដោយផ្លូវបេតុង ភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តToyota Prius ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2BA-9542ធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើតក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកលូពីរកង់ដែលគេទុកចោលតាមចិញ្ចើមផ្លូវបណ្តាលឱ្យបែកបាក់ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុអ្នកបើកបររថយន្តបានឡើងជិះឡំប្រឺតាចេញពីកន្លែងកើតហេតុបាត់។ បន្ទាប់មកគេឃើញមានភាគីខាងរថយន្តចុះមកដល់កន្លែងកើតហេតុរួចបានទំនាក់ទំនងហៅរថយន្តស្ទូចមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕
ដោយ៖ សុខាសែនជ័យ