ខេត្តសៀមរាប៖ ឈើគ្រញូងមួយដើមទំហំជិតមួយអោបកូនក្មេង ត្រូវជនមិនស្គាល់មុខមួយក្រុមចូលទៅលួចកាប់នៅក្នុងតំបន់អង្គរបម្រុងដឹកចេញតែត្រូវសមត្ថកិច្ចដឹងទៅទប់ស្កាត់ទាន់ហើយជនសង្ស័យរត់គេចបាត់អស់។
ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នំា២០២១នេះ ត្រង់ចំណុចខាងត្បូងភ្នំបាខែង ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
មន្រី្តឧទ្យានុរក្សប្រចាំតំបន់អង្គរបានឲ្យដឹងថា ឈើគ្រញូងខាងលើក្រោយកាប់ផ្តួលរួចត្រូវជនសង្ស័យកាត់ជាកង់ៗមានមុខកាត់ទំហំ០,២០ម៉ែត្រគុណនឹងមួយម៉ែត្រ ចំនួនមួយដុំ ,០,២០ម៉ែត្រ គុណនឹង០,៥០ម៉ែត្រ ចំនួនមួយដុំនិង០,១០ម៉ែត្រគុណនឹង១,៥០ ម៉ែត្រមួយដុំ ។ ពួកគេបានធ្វើសកម្មភាព រួចហើយបម្រុងយករថយន្តទៅដឹកតែត្រូវបែកការណ៍ដល់សមត្ថកិចក៏នាំគ្នាគេចខ្លួនបាត់អស់បន្សល់ទុកតែវត្ថុតាងនៅកន្លែងកើតហេតុ។
មន្រី្តឧទ្យានុរក្សប្រចាំតំបន់អង្គរបាននឹងកំពុងស្រាវជ្រាវរកមុខជនសង្ស័យដើម្បីចាប់ខ្លួន កសាងសំណុំរឿងទៅតុលាការ។ចំណែកឈើគ្រញូង១ដើមនេះត្រូវដឹកយកមករក្សាទុកនៅទីស្នាក់ការ តំបន់ការពារទេសភាពអង្គរជាសម្ប្បត្តិរដ្ឋ៕
ដោយ ៖ ប្រាថ្នា