ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របុកជាមួយម៉ូតូបញ្ច្រាសគ្នាស្លាប់កម្មករម្នាក់ផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសកម្មករម្នាក់បានស្លាប់ភ្លាមនៅកន្លែងខណ:ជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តកុងតឺន័រនិងម៉ូតូបុកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង២៨នាទីយប់ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២១ ស្ថិតលើផ្លូវជាតិលេខ០១គីឡូម៉ែត្រលេខ ១២៣និង១២៤ ស្ថិតក្នុងភូមិ រូបគោ សង្កាត់ ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ ឡឹក គង់សុភ័ក្រ្ក   អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ស្វាយតាយាន ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។

ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះ វ៉ាន់ ឆេងហួង អាយុ ៣៤ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ ខ្នងក្រពើកើត ឃុំ ត្រមូងស្រុក មេមត់ ខេត្តត្បូងឃ្មុំក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗបន្សល់តែរថយន្តកុងតឺន័រម៉ាក PEUGEOT ពណ៌ បៃតង ពាក់ស្លាកលេខ ភ្នំពេញ ៣D ២៤៨២ សឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ២៩R ៥១០.៤៩នៅ នឹងកន្លែង។

តាមសាក្សីបានឲ្យដឹងថាមុនពេលកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១Q ៣២២២លើផ្លូវជាតិលេខ១ក្នុងទិសដៅ
កើតទៅលិច ខណៈនោះស្រាប់តែមាន
រថយន្តកុងតឺន័រម៉ាក PEUGEOT ពណ៌ បៃតង ពាក់ស្លាកលេខ ភ្នំពេញ ៣D ២៤៨២ សឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ២៩R ៥១០.៤៩ធ្វើដំណើរបញ្ច្រាសគ្នាក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងស្រាវជ្រាវរកមូលហេតុភាគីខាងណាជាអ្នកខុសនិងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់។

ចំណែកសពបុរសខាងលើសមត្ថកិច្ចបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖