ព័ត៌មានទាន់ហេតុការណ៍៖

បុរសពីរនាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករថយន្តបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

     ភ្នំពេញ ៖ បុរសពីរនាក់បានរងរបួសធ្ងន់ខណៈដែលពួកគេជិះម៉ូតូមួយគ្រឿងហើយចាប់ហ្រ្វ័ងមិនទាន់ជ្រុលទៅបុកជាមួយនឹងរថយន្តពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣៥នាទីថ្ងៃទី ១ ខែមិថុនា ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។                                                                                                       

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស្ទូចមួយគ្រឿងម៉ាកហីុយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ3E-6262បើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរជាព្រូ បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុក៏បានបើកគេចពីរថយន្តមួយគ្រឿងទៀតមកខាងឆ្វេងដៃ ស្រាប់តែមានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FE-4620បើកបរដោយបុរសម្នាក់និងម្នាក់ទៀតជាអ្នករួមដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពីលិចទៅកើតក្នុងល្បឿនលឿន ចាប់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុកចំពីមុខរថយន្តពេញទំហឹងបណ្តាលឲ្យអ្នបើកនិងអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៍ខណ្ឌ ចុះទៅធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖