ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្រុមហ៊ុននានា និងម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទទាំងអស់ក្នុងរាជធានីភ្នំពេញ នៅពេលបុគ្គលិករបស់ខ្លួនសុំការអនុញ្ញាតឈប់សម្រាកពីការងារត្រូវផ្ដល់ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទមកអាជ្ញាធរមានសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ សេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្រុមហ៊ុននានា និងម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទទាំងអស់ក្នុងរាជធានីភ្នំពេញ នៅពេលបុគ្គលិករបស់ខ្លួនសុំការអនុញ្ញាតឈប់សម្រាកពីការងារត្រូវផ្ដល់ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការវាយតម្លៃស្វែងរកពីការឆ្លងជំងឺកូវីដ-១៩ជូនពួកគាត់។រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ ក្រុមហ៊ុននានា និងម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា កន្លងមក មានបុគ្គលិកដែលបម្រើការនៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុននានា និងអាជីវកម្មដ្ឋានគ្រប់ប្រភេទ ដែលមានអាការមិនស្រួលខ្លួនក៏បានសុំការអនុញ្ញាតឈប់សម្រាកពីការងារមួយរយៈ ក្រោយពីបានធូរស្បើយ ពួកគាត់ក៏បានចូលបម្រើការងារវិញ ដោយពុំបានដឹងថាខ្លួនឯងមានផ្ទុកជំងឺកូវីដ-១៩ហើយមានបុគ្គលិក មួយចំនួនទៀតដែលសង្ស័យថាបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយភ្ញៀវមានផ្ទុកជំងឺកូវីដ-១៩ ក្រោយពី បានទទួលព័ត៌មាននេះ ទើបពួកគាត់បានសុំការអនុញ្ញាតឈប់សម្រាកពីការងារទៅយកសំណាកដោយខ្លួនឯង ដោយពុំបានជូនដំណឹងទៅម្ចាស់អាជីវកម្មដ្ឋាន ឬអ្នកគ្រប់គ្រងនៅកន្លែងបំពេញការងារទាំងអស់ខាងលើ បន្ទាប់ពីយកសំណាករួចពួកគាត់បានវិលត្រឡប់ទៅបំពេញការងារវិញជាធម្មតា និងពុំបានដាក់ខ្លួនឱ្យនៅ ដាច់ដោយឡែក ដើម្បីរង់ចាំលទ្ធផលពីការធ្វើសំណាករបស់ខ្លួន ជាហេតុនាំឱ្យមានហានិភ័យខ្ពស់ក្នុងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់បុគ្គលិកផ្សេងទៀតបំពេញការងារជាមួយ ពេលទទួលលទ្ធផលវិជ្ជមានកូវីដ-១៩។ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងឈានទៅដល់ការកាត់ផ្ដាច់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ២០២១- រដ្ឋបាលរាជធានីភ្នំពេញស្នើសុំដល់ ម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្រុមហ៊ុននានា និងម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទទាំងអស់ក្នុង រាជធានីភ្នំពេញ នៅពេលបុគ្គលិករបស់ខ្លួនសុំការអនុញ្ញាតឈប់សម្រាកពីការងារត្រូវផ្តល់ឈោ្មះ អាសយដ្ឋាន លេខទូរស័ព្ទមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការវាយតម្លៃស្វែងរកពីការឆ្លងកូវីដ-១៩ជូនពួកគាត់ ។ទទួលបានសេចក្ដីជូនដំណឹងនេះ សូមម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្រុមហ៊ុននានា និងម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទទាំងអស់ក្នុងរាជធានីភ្នំពេញ ចូលរួមអនុវត្តតាមខ្លឹមសារខាងលើឱ្យមាន ប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅលុបបំបាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ៕

ដោយ ៖ សិលា


ចែករំលែក៖