ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី១ខែមិថុនា អ្នកទិញថ្នាំផ្តាសាយត្រូវផ្តល់ព័ត៌មានស្តីពីសុខភាព

ចែករំលែក៖

ក្រសួងសុខាភិបាលវៀតណាម បានស្នើដល់បណ្តាឱសថស្ថាន ទីតាំងសុខាភិបាលនានាត្រូវតែ តាមដានរាល់ការសង្ស័យអ្នកដែលចូលមកទិញថ្នាំ ពិសេសគឺទិញថ្នាំផ្តាសាយក្តៅខ្លួនជាដើម។
នៅល្ងាចថ្ងៃទី១ខែមិថុនា រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ង្វៀង ត្រឿងសឺង (Nguyen Truong Son) បានបញ្ជាក់ថា កូវីដ-១៩ បានឆ្លងរាលដាលយ៉ាងខ្លាំង នៅបណ្តាខេត្តក្រុងមួយចំនួនទូទាំងប្រទេស។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាល និងរកឃើញអ្នកសង្ស័យឆ្លងកូវីដ- ១៩ទាន់ពេលវេលា ក្រសួងសុខាភិបាល បានស្នើឲ្យត្រួតពិនិត្យអ្នកដែលសង្ស័យឆ្លងកូវីដ-១៩ ពិសេសគឺអ្នកមានអាការ ក្អក ក្តៅខ្លួន និងផ្តាសាយ មកទិញថ្នាំ ឬមកពិនិត្យសុខភាព។មន្ទីរសុខាភិបាល ឱសថស្ថានត្រូវតែយកប្រវត្តិរូបអ្នកមកទិញថ្នាំ ដើម្បីបញ្ចៀសការឆ្លងរាលដាលកូវីដ-១៩។
នៅពេលនេះដែរ វៀតណាមកំពុងបន្តព្យាយាមទិញបច្ចេកវិទ្យាផលិតវ៉ាក់សាំង COVID-19 ហើយចង់បង្កើតមូលដ្ឋានមួយ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងដល់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ស្របពេលដែលប្រទេសអាស៊ានមួយនេះ ខំប្រឹងស្វះស្វែងរកវ៉ាក់សាំង ដើម្បីទប់ទល់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ដែលបច្ចុប្បន្នហាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមួយ។

ក្រោយជំនួបមួយជាមួយក្រុមអ្នកតំណាងកម្មវិធី COVAX ក្រសួងសុខាភិបាលវៀតណាម បានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា «វៀតណាមគ្រោងនឹងបង្កើតរោងចក្រមួយ ហើយចង់ទទួលបានអាជ្ញាប័ណ្ណ ដើម្បីអាចផលិតវ៉ាក់សាំង COVID-19 សម្រាប់ផ្គត់ផ្គង់ COVAX និងទៅកាន់បណ្តាប្រទេសដទៃទៀត ព្រមទាំងសម្រាប់វៀតណាមផ្ទាល់»។ កាលពីថ្ងៃទី៣១ខែឧសភា វៀតណាមក៏បានជំរុញថែមទៀតនូវការទិញវ៉ាក់សាំង តាមរយៈវិស័យឯកជនផងដែរ។
ប្រទេសដែលមានប្រជាជនប្រហែល ៩៨លាននាក់នេះ ទទួលបានវ៉ាក់សាំងសរុបត្រឹម ២.៩លានដូស ក្នុងនោះ ២.៦លានដូស បានមកតាមរយៈ COVAX ហើយយុទ្ធនាការចាកវ៉ាក់សាំង មានល្បឿនយឺតខ្លាំងណាស់។ ដូច្នេះហើយ ក្នុងសេចក្តីថ្លែងការណ៍ខាងលើ រដ្ឋមន្រ្តីសុខាភិបាលវៀតណាមបានបង្ហាញក្តីសង្ឃឹមថា COVAX នឹងបង្កើនល្បឿននៃការផ្តល់វ៉ាក់សាំងឲ្យមកវៀតណាម ហើយអំពាវនាវដល់អង្គការអន្តរជាតិ និងប្រទេសដទៃទៀត ជួយខ្លួនស្វែងរកវ៉ាក់សាំង។ ថ្មីៗនេះ ប្រទេសវៀតណាម ក៏បានស្នើសុំជំនួយពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីទទួលបានវ៉ាក់សាំង COVID-19 និងបច្ចេកទេសផលិតផងដែរ៕

ដោយ ៖ ធីរីណា(រូបភាព៖ Bộ Y tế)


ចែករំលែក៖