ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានជនសង្ស័យ២នាក់ដេញកាប់បណ្ដាលឲ្យស្លាប់ និងនាំយកនារីម្នាក់ដែលធ្វេីដំណេីរជាមួយគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះដល់កន្លែងកេីតហេតុកាលពីវលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចមុខការដ្ឋានដឹកខ្សាច់មួយកន្លែង តាមផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់ជាជនជាតិវៀតណាម ភេទប្រុស មានអាយុ១៩ឆ្នាំ មុនរបរជាងពេជ្រ នៅគីឡូម៉ែត្រលេខ៩ ខណ្ឌឬស្សីកែវ និងស្នាក់នៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានឲ្យដឹងថា ដំបូងគេឃេីញយុវជនម្នាក់(ជនរងគ្រោះ)និងនារីម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស លាយឈាមជ្រូក ពាក់ស្លាកភ្នំពេញ 1GN-2249 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជេីងយ៉ាងលឿនព្រមទាំងមានជនសង្ស័យ២នាក់ដេញតាមពីក្រោយ ធ្វេីឲ្យជនរងគ្រោះមិនប្រយ័ត្នទៅបុកបង្គោលភ្លេីងបណ្ដាលឲ្យដួល ។
ប្រភពដដែលបានបន្តថា ក្នុងអំឡុងពេលជនរងគ្រោះដួល ជនសង្ស័យក៏បានវាយ និងកាប់ទៅលេីជនរងគ្រោះទាំងកំរោលបណ្ដាលឲ្យដេកដួលនៅនឹងកន្លែង រួចនាំយកនារីម្នាក់ដែលបានជិះជាមួយជនរងគ្រោះគេចខ្លួនទៅបាត់ ។ បន្ទាប់មកប្រជាពលរដ្ឋក៏រាយការណ៍ទៅសមត្ថកិច្ចនិងទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកដឹកជនរងគ្រោះដែរ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ ដោយមានកាំបិតបុ័ងតោមួយដេីមនៅក្បែរសពផងដែរ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញបានចុះមកដល់ ហេីយត្រួតពិនិត្យទៅលេីសពជនរងគ្រោះ ទេីបសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់(ដោយសារអំពេីហិង្សាដោយចេតនា) រួចហេីយក៏ធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ។ ដោយឡែកជនដៃដល់ដែលបង្ក សមត្ថកិច្ចជំនាញកំពុងធ្វេីការស្រាវជ្រាវដេីម្បីចាប់យកមកផ្ដន្ទាទោសតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ