ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី១ខែមិថុនា ម្សិលមិញនេះ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបង បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ក្នុងករណីហិង្សាដោយចេតនា កាប់ដោយពូថៅ លើបុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ដែលកើតឡើងនៅចំណុភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្តបាត់ដំបង កាលពី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់នេះឈ្មោះ សុំ ចិន្តាវ័ន្ត ហៅរ៉ាត់ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅ ភូមិព្រែកតា ច្រែង ឃុំ ព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្តបាត់ដំបង ។
ប្រភពដដែលបានឲ្យដឹងទៀតថានៅវេលាម៉ោង២និង២៥ នាទី រសៀលថ្ងៃកើតហេតុនៅចំណុចភូមិតាកុក ឃុំ នរា ស្រុក សង្កែ ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានធ្វើសកម្មភាពយកពូថៅ កាប់ទៅលើជនរងគ្រោះ ឈ្មោះ រី វីរ: ហៅ ពេជ្រ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ ភូមិ តាកុក ឃុំ នរា ស្រុក សង្កែ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសផ្នែកក្បាលយ៉ាងដំណំ ដោយមូលហេតុ ទំនាស់ពាក្យសម្តីនឹងគ្នា។
ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ដើម្បីចាត់វិធានការលើករណីនេះ ហើយឆ្លងតាមរយ:ការស្រាវជ្រាវ និងកំណត់បាននូវអត្តសញ្ញាណជន ដៃដល់ទើបសម្រេចធ្វើការឃាត់ខ្លួនតែម្តង ។
ប្រភពដដែលបន្តទៀតថាក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
– ម៉ូតូ ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង1AH 5116មួយគ្រឿង និងពូថៅ ដងឈើ ចំនួន០១ ។
បន្ទាប់មកមន្ត្រីការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង អនុវត្តតាមច្បាប់កាលពីថ្ងៃទី១ ខែមិថុនា នេះរួចហើយ ៕
ដោយ ៖ ប្រាថ្នា