ព័ត៌មានទាន់ហេតុការណ៍៖

Miss Universe Cambodia ធ្វើឲ្យអ្នកគាំទ្រឆ្ងល់រឿងបាត់មុខ ប៊ី សុធារី ក្នុងការផ្សព្វផ្សាយ

ចែករំលែក៖

ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យកញ្ញាឯកនៅកម្ពុជាទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ក្នុងនោះកញ្ញាឯកចក្រវាឡគឺជាកម្មវិធីដែលទទួលបានការគាំទ្រខ្លាំងបំផុតមួយ។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រឆ្ងល់នោះបានលេចចេញជាសំណួរថា ហេតុអ្វីវីដេអូប្រូម៉ូតកញ្ញាឯកចក្រវាឡកម្ពុជាមិនមានមុខ ប៊ី សុធារី?  នេះគឺជាសំណួរដែលលេចចេញ ក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា ពិសេសក្រុមអ្នកគាំទ្រកញ្ញា ប៊ី សុធារី ដែលនឹកឆ្ងល់ក្នុងចិត្តដោយបានដាក់ចេញជាសំណួរស្វែងរកមូលហេតុនៅពីក្រោយអវត្តមានកញ្ញាឯកចក្រវាឡកម្ពុជា ២០១៧ដាក់បញ្ចូលក្នុងវីដេអូប្រូម៉ូតមួយ។

រហូតមកដល់ពេលនេះមានកញ្ញា ឯកចក្រវាឡកម្ពុជា៤រូបហើយដែលបានចូលក្លាយជាបេក្ខភាពតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិមានដូចជាកញ្ញា ប៊ី សុធារី កញ្ញាឯកចក្រវាឡកម្ពុជា២០១៧  ទី២កញ្ញា រឿន ណាត កញ្ញាឯកចក្រវាឡកម្ពុជា២០១៨ ទី៣កញ្ញ សំណាង អាលីណាកញ្ញាឯកចក្រវាឡកម្ពុជា២០១៩ និងទី៤កញ្ញា រ៉េត សារីតាកញ្ញាឯកចក្រវាលកម្ពុជា២០២០។  

ប៊ី សុធារីនាងមានអាយុ២៣ឆ្នាំកម្ពស់១,៧៣មានទឹកដីកំណើតនៅរាជធានីភ្នំពេញ។ នាងក៏នឹង ក្លាយជា បវរកញ្ញាតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិ នៅចុងឆ្នាំ២០២១នេះក្នុងកម្មវិធី Miss Charm Cambodia 2021ដែលប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះផងដែរ។ ទោះជាយ៉ាងណាប៉ុន្មានថ្ងៃមុននេះវីដេអូខ្លីរយៈពេល៣៩វិនាទីដែលមានភ្ជាប់ ដោយសំណេរថាWho’s Gonna Be Our News Miss Universe Cambodia ត្រូវបានបញ្ចេញដោយគេហទំព័រផ្លូវការរបស់Miss Universe Cambodia ។ ស្របគ្នានេះដែរស្រាប់តែ លេចចេញជាសំណួរមិនទាន់មានចំលើយនៅឡើយអំពីអវត្តមានកញ្ញាឯកដំបូងគេដែលបានសាងប្រវត្តិសាស្ត្រក្នុងការចូលរួមប្រកួតកម្មវិធីកញ្ញាឯកដ៏សម្បើមមួយនេះ ហើយវាបានក្លាយជាប្រធានបទក្នុងការវែកញែកសួរដេញដោល និងបញ្ចេញយោបល់ជាហូរហែពីលើវីដេអូមួយនេះ។ អ្នកគាំទ្រម្នាក់លើកជាសំណួរថា”ហេតុអ្វីតែងតែមិនឃើញបង សុធារី? អ្នកគាំទ្រផេងទៀតលើកជាសំណួរដែរថា ដាក់២០១៧ផងទៅអត់កើតមែនគាត់ជាអ្នកទី១ផង”?  ខណៈដែលអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្សេងទៀតលើកឡើងថា បើទោះបីជាប៊ីសុធារី បានបញ្ចប់កុងត្រាលែងមានឈ្មោះក្នុងក្រុមហ៊ុនក៏ដោយយ៉ាងហោចណាស់គាត់ក៏័ជាអ្នកដែលចូលរួមប្រកួតតំណាងប្រទេសកម្ពុជាដំបូងគេដែរ។  គាត់ជាស្ត្រីដំបូងគេដែលនាំឈ្មោះកម្ពុជាទៅលើឆាកអន្តរជាតិមុនគេ។ សូម្បីតែរូបថតPoster មួយសន្លឹកចុងក្រោយរបស់គេហទំព័រដែលបានបង្ហោះថ្មីៗនេះក៏មិនមានវត្តមានរូបថត ប៊ី សុធារីក្នុងនោះផងដែរ។ 

  នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីតំណាងក្រុមហ៊ុនរៀបចំផលិតកម្មវិធីខាងលើបាននៅឡើយទេ ។

នេះនៅតែជាចម្ងល់សម្រាប់ក្រុមអ្នកគាំទ្រកម្មវិធីកញ្ញាឯក៕  

ដោយ ៖ វឌ្ឍនា


ចែករំលែក៖