ខេត្តឧត្តរមានជ័យ៖ អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានឧត្តមសេនីយ៍ត្រី ផៃ សុផាត មេបញ្ជាការរង នាយសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ យោធភូមិភាគទី៤ នៃកងទ័ពជើងគោក ប្រចាំនៅព្រំដែនមុខកម្ពុជា-ថៃ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានប្រគល់ដល់ដៃកងទ័ព សម្រាប់ប្រើប្រាស់បំពេញបេសកកម្មការពារជាតិមាតុភូមិ នារដូវវស្សានេះ។
ការប្រគល់អាវភ្លៀងដោយផ្ទាល់ដៃពីសំណាក់ឧត្តមសេនីយ៍ត្រី ផៃ សុផាត មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៤១ ដល់បណ្តាអង្គភាពវរសេនាតូច និងស្ថាប័នចំណុះ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ។
ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ផៃ សុផាត តាងនាមឲ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១ ដែលកំពុងឈរជើងបំពេញភារកិច្ចតាមបន្ទាត់ព្រំដែនជួរមុខ បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាអគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ តែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខកងកម្លាំងជួរមុខជានិច្ច ដោយនៅរដូវរងា ឧបត្ថម្ភអាវរងា និងនៅរដូវភ្លៀងឧបត្ថម្ភអាវភ្លៀង៕
ដោយ៖ សូរិយា