ខេត្តមណ្ឌលគិរី៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះធ្វើការចាប់ឃាត់ខ្លួនតាមដីកាបញ្ជារបស់តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ។
ការឃាត់ខ្លួនជនសង្ស័យ២នាក់នោះគឺសមត្ថកិច្ចធ្វើឡើងនៅថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២១នៅចំណុចរមណីយដ្ឋានកាំពីខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យទី១-ឈ្មោះ សារី គ្រីយ៉ាភេទប្រុស អាយុ៤៣ឆ្នាំ ។ ទី២-ឈ្មោះ ហាំ ប៉ូលី ភេទប្រុស អាយុ ៤១ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាត និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ប្រព្រឹត្តតាំងពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នៅចំណុចភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ជនសង្ស័យទាំងពីរនាក់ត្រូវសមត្ថកិច្ចនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីប្រគល់ឱ្យតំណាង អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការទៅតាមនីតិវិធីច្បាប់ ៕
ដោយ ៖ ជីវ័ន្ត