ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីង បន្ទាប់ពីបុរសជនជាតិខ្មែរម្នាក់ បានបេីកម៉ូតូមួយគ្រឿងទៅស្ទាក់រថយន្តមួយគ្រឿងបេីកបរដោយជនជាតិចិន ខណៈដែលខ្លួនបានឃេីញគូដណ្ដឹងជិះរថយន្តជាមួយជនជាតិចិន ហេីយបានយកមួកការពារសុវត្ថិភាពវាយកញ្ចក់រថយន្ត បណ្ដាលឲ្យបែកបង្កភាពភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅជួយធ្វេីអន្តរាគមន៍។
ករណីខាងលើនេះ បានកេីតឡេីងកាលពីវេលាម៉ោង៩៖៣០នាទីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចខាងមុខភោជនីយដ្ឋាន K&S តាមផ្លូវលេខ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បានបេីករថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2G-4328 រួមដំណើរជាមួយនារីខ្មែរម្នាក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣២ ទិសដៅពីលិចទៅកើត ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក YAMAHA-QBIX ពណ៌ខ្មៅ លាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1GQ-6559 ដេញតាមរថយន្ត ពេលដល់ត្រង់ចំណុចកើតហេតុ ក៏បានជិះឈប់ស្ទាក់ពីមុខរថយន្ត ភាគីខាងម៉ូតូក៏បានចុះដោះមួកសុវត្ថិភាពធ្វើសកម្មភាពវាយកញ្ចក់រថយន្ត បណ្តាលឲ្យបែកផ្នែកខាងមុខ និងចំហៀងខាងឆ្វេង ឲ្យរងការខូចខាត ភ្លាមៗនោះនារី ដែលជិះនៅលើរថយន្តជាមួយជនជាតិចិននោះ បានចេញមកខាងក្រៅនិយាយជាមួយនឹងបុរសជាម្ចាស់ម៉ូតូខ្លាំងៗ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។
ក្នុងហេតុការណ៍នោះដែរ ភាគីខាងម៉ូតូ បានប្រាប់ឲ្យដឹងថា គាត់និងនារីខ្មែរ ដែលកំពុងជិះរថយន្តជាមួយជនជាតិចិននោះ ត្រូវជាគូដណ្ដឹងរបស់ខ្លួន ដោយមិនទាន់បានរៀបការនោះទេ ដោយសារតែជំងឺកូវីដ-១៩ ប៉ុន្តែពួកគាត់ទាំងពីរនាក់បានរៀបចំពិធីសែនព្រេនរួចហេីយដែរ។ បន្ទាប់មកមួយរយៈនេះគូដណ្ដឹងរបស់គាត់ បានចូលធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ដោយចេញពីធ្វើការនៅវេលាម៉ោង៥ល្ងាច តែគូដណ្ដឹងគាត់តែងតែធ្វើការថែមម៉ោងបន្ថែមទៀតរហូតដល់យប់ជ្រៅ និងមានការចូលរួមកម្មវិធីជួបជុំផឹកស៊ីជាមួយក្រុមការងាររបស់នាងដល់យប់ជ្រៅទៀតផង។
ប្រភពដដែល បន្តថា លុះដល់ថ្ងៃកើតហេតុ នារីជាគូដណ្ដឹងក៏បានប្រាប់គាត់ថា ថ្ងៃនេះប្រហែលជាម៉ោង៩យប់ ទើបនាងត្រឡប់ទៅដល់ផ្ទះ ព្រោះមានការហូបចុកបន្តិចបន្តួចជួបជុំជាមួយក្រុមការងារ ដោយចាំយូរពេក បុរសខាងលើគាត់ក៏បានទាក់ទងសួរនាំ ឲ្យនារីគូដណ្ដឹងធ្វើការ share location មកឲ្យគាត់ជិះម៉ូតូតាម location រហូតទាន់ និងឃើញបុរសជនជាតិចិន ត្រូវជាមេបានយកដៃបិចថ្ពាល់នារីជាគូដណ្ដឹងរបស់គាត់ ធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំង ក៏បង្កជាហិង្សាកើតឡើង ។
ក្រោយមានការភ្ញាក់ផ្អេីល កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅជួយធ្វេីអន្តរាគមន៍ភ្លាមៗ ដើម្បីឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា។ ដោយភាគីទាំងសងខាង ក៏ធ្វើដំណើរចេញពីកន្លែងកើតហេតុទៅផ្ទះរៀងៗខ្លួន៕
ដោយ ៖ សហការី