ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានរដ្ឋសភាកម្ពុជានិងវៀតណាមសន្យាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីស្តារសេដ្ឋកិច្ចនិង ការអភិវឌ្ឍប្រទេសទាំងពីរក្រោយវិបត្តិកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានជួប សន្ទនាការងារជាមួយ លោក វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

នៅក្នុងកិច្ចសន្ទនានោះ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ដែលប្រទេសទាំងពីរសម្រេចបានទាំងក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អ ជាប្រពៃណីនិងមិត្តភាពដែលមានតាំងពីរយូរមកហើយនោះ។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជាតិទាំងសងខាង។ ដោយសារមរតកនេះហើយ បានធ្វើឱ្យមានកិច្ចសហប្រតិបត្តិការស្ទើគ្រប់វិស័យប្រព្រឹត្តទៅបានលទ្ធផលគួរជាទីពេញចិត្ត ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តកើនឡើងខ្ពស់នៅដើមឆ្នាំ២០២១នេះ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី។

សម្តេចមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជានិងវៀតណាម បានរួមគ្នាកសាងនូវសមិទ្ធផលនានាជាច្រើន ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី។

ជាមួយគ្នានេះរដ្ឋសភាទាំងពីរប្រទេស បានរក្សានិងអនុវត្តនូវស្មារតីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ និងបានធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ សំដៅឱ្យកិច្ចសហប្រតិបត្តិការវិស័យការទូតសភាឆ្លើយតបទៅនឹងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមស្រប តាមបរិបទសកលថែមទៀតផង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអសារទរចំពោះជោគជ័យ នៃមហាសន្និបាតបក្សកុំម្មុយនីស្តវៀតណាម លើកទី១៣ និងសម័យប្រជុំលើកទី១១ នីតិកាលទី១៤ នៃរដ្ឋសភាវៀតណាម ជាពិសេសសម្តេចបានសម្តែងអបអរសាទរ លោក វឿង ឌីញ ហ្វេ ដែលត្រូវបានជាប់ឆ្នោតជាប្រធានរដ្ឋសភាវៀតណាម សម្រាប់អាណត្តិឆ្នាំ២០២១-២០២៦។

សម្តេចបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម នឹងធ្វើឱ្យទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ជាពិសេសក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ កាន់តែមានលក្ខណៈជិតស្និទ្ធ និងស្អិតរមួតថែមទៀត។

លោក វឿង ឌីញ ហ្វេ បានគាំទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាដែលថា សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ ពិតជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាល និងបានសន្យាថា នៅក្នុងអាណត្តិជាប្រធានរដ្ឋសភា ដែលទើបទទួលបានការគាំទ្រពីបក្សនិងរដ្ឋវៀតណាម នឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាពនៃប្រទេសទាំងពីរនេះឱ្យកាន់តែរឹងមាំ និងប្រសើរឡើងថែមទៀត សំដៅស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើង នៅក្រោយពីវិបត្តិកូវីដ-១៩ បានបញ្ចប់ទៅ។ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរសន្យារួមគ្នាបន្តជំរុញឱ្យសម្រេចបាននៅគ្រប់ចំណុចអាទិភាពនៅក្នុងកិច្ចព្រមព្រៀងដែលរដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ ក្នុងនោះមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត ពិសេសជំរុញសកម្មភាព ក្រុមមិត្តភាពសមាជិកសភាវ័យក្មេងនិងសមាជិកសភាជាស្រ្តីឱ្យមានសកម្មភាពឡើងវិញ។ ភាគីទាំងពីរសន្យាបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភា ទាំងក្នុងក្របខណ្ឌតំបន់និងសកលលោក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោក វឿង ឌីញ ហ្វេ បានតម្លៃខ្ពស់ និងអបអរសាទរចំពោះលទ្ធផលនៃការបោះបង្គោលព្រំដែនប្រទេសទាំងពីរដោយសម្រេចបាន ៨៤% ហើយសង្ឃឹមថារដ្ឋាភិបាលទាំងពីរនឹងបញ្ចប់ការងារដែលនៅសេសសល់ប្រមាណ១៦% ទៀត ក្នុងពេលឆាប់ៗនេះ ដើម្បីប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ ដើម្បីភាពសុខសាន្ត និងវឌ្ឍនភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់រដ្ឋសភាវៀតណាមដែលបានផ្តល់ជំនួយថវិកាប្រមាណ២៥លានដុល្លារ ដល់រដ្ឋសភាកម្ពុជាក្នុងការសាងសង់អគាររដ្ឋបាលសភា ដែលមកទល់ពេលនេះគម្រោងបាននិងកំពុងដំណើរការសិក្សាលើការងារបច្ចេកទេស។ នៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ ដែលនៅពេលនោះរដ្ឋសភាកម្ពុជានឹងគោរពអញ្ជើញថ្នាក់ដឹកនាំប្រទេសវៀតណាមមកចូលរួមផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖