អន្តរជាតិ៖ រដ្ឋាភិបាលឡាវ បានសម្រេចហាមឃាត់ជាបណ្តោះអាសន្ន នូវការនាំចូល-នាំចេញសត្វគោរស់ ព្រមទាំងសាច់និងផលិតផលផ្សេងៗទៀតនៃសត្វនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺស្បែកមួយ ក្នុងចំណោមពួកវា។
បើតាមសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ បានដកស្រង់ចេញផ្សាយពីនាយកដ្ឋានបសុសត្វ និងជលផលនៃក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានចេញសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ដែលប្រកាសពីការដាក់បំរាមហាមឃាត់ខាងលើ ហើយវានឹងចូលជាធរមានរហូតដល់ចុងខែមិថុនានេះ។
ដោយឡែកយោងតាមសេចក្តីរាយការណ៍ របស់សារព័ត៌មានឡាវ Vientiane Times នាថ្ងៃព្រហស្បតិ៍ទី៣ ខែមិថុនានេះដែរ ការហាមឃាត់ ត្រូវបានធ្វើឡើង បន្ទាប់ពីនាយកដ្ឋាន បានរកឃើញករណីឆ្លងជំងឺដុំពកលើស្បែក នៅកសិដ្ឋានចិញ្ចឹមសត្វគោមួយកន្លែង នៅរដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ កាលពីចុងខែមុន។
ជាមួយគ្នានេះ នាយកដ្ឋាន ក៏បានជូនដំណឹងដល់សាធារណជនទូទៅ កសិករ និងអាជីវកម្មនានាអំពីមធ្យោបាយមួយចំនួន ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺនេះផងដែរ រួមមានការកម្ចាត់សត្វល្អិតជញ្ជក់ឈាម និងការលើកកម្ពស់អនាម័យបរិស្ថាន នៅតាមកសិដ្ឋានជាដើម។
គួរបញ្ជាក់ថា ជំងឺដុំពកលើស្បែក គឺជាជំងឺឆ្លងដែលប៉ះពាល់ដល់សត្វគោ។ វាត្រូវបានចម្លងដោយសត្វល្អិតជញ្ជក់ឈាម ដូចជារុយ មូស និងចៃជាដើម។ វាបណ្តាលឱ្យមានអាការៈក្តៅខ្លួន កើតដុំពកនៅលើស្បែក និងអាចបណ្តាលឱ្យពួកវាងាប់ផងដែរ។ ក្នុងសេចក្តីជូនដំណឹង នាយកដ្ឋានឡាវ បានចេញសេចក្តីណែនាំស្តីពីការរៀបចំប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីគ្រប់គ្រងការដឹកជញ្ជូនសត្វគោ រហូតដល់ស្ថានការណ៍ឆ្លងរីករាលដាលនៃជំងឺនេះថយចុះទៅវិញ៕
ដោយ៖ស តារា