ភ្នំពេញ៖ ការស្ដារប្រឡាយបឹងហា ដែលមានប្រវែងជាង២គីឡូម៉ែត្រ ចាប់ពីស្ពានថ្មផ្លូវព្រៃសស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំ ពេញ ដល់ស្ថានីយ៍បូមទឹកលូប្រាំ ក្នុងពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើសកម្មភាពស្តាររួចរាល់១០០ភាគរយហើយ ដើម្បីរំដោះជំនន់ទឹកភ្លៀង នៅរដូវវស្សានេះ ។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹង នៅព្រឹកថ្ងៃទី០៣ មិថុនា ឆ្នាំ២០២១នេះថា ក្រោមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញបាននឹងកំពុងរីករាលដាលនៃជម្ងឺកូវីដ-១៩ ក៏ ដោយ ក៏ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញនៅតែបន្តធ្វើសកម្មភាពស្តារនិងអភិវឌ្ឍមូលដ្ឋានរាជធានី ដដែល មានន័យថា៖ ដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាង ទៀត បង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩។ ជាក់ស្តែង នៅពេលនេះ អាជ្ញាធររាជធានីភ្នំពេញបានស្ដារប្រឡាយបឹងហា រួចរាល់១០០ភាគរយ ហើយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សា នេះ ។ ប្រឡាយបឹងហា ត្រូវបានក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញធ្វើការស្តាកាលពីថ្ងៃទី២៧ មិនា ២០២១ ដោយប្រើប្រាស់រយៈពេលជាង២ខែ ហើយគិតមកដល់ថ្ងៃទី០៣ មិថុនានេះ ការដ្ឋានទាំងមូលបានបញ្ចប់រួចរាល់១០០ភាគរយហើយ។
លោកបញ្ជាក់ថា ៖ប្រឡាយបឹងហានេះ មាន ប្រវែង ២៥៨០ម៉ែត្រ ទទឹង ២៥ម៉ែត្រទៅ៣០ម៉ែត្រ ដោយចាប់ពីស្ពានថ្មផ្លូវព្រៃស ដល់ស្ថានីយ៍បូមទឹកលូប្រាំ ស្ថិតក្នុងសង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ផងដែរថា ៖ប្រឡាយបឹងហានេះ ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃភូមិសាស្ត្រខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យនិងខណ្ឌ មានជ័យ ៕
ដោយ ៖ សំរិត