ខេត្តស្ទឹងត្រែង៖ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង ៣នាក់ ឪពុកនិងកូន ត្រូវបានចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនកាលពីល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ពីបទឃាតកម្មដោយមានទារុណកម្ម។ នេះបើយោងតាមលោក ឈុំ សៀងហាក់ អ្នកនាំពាក្យសាលាដំបូង ខេត្តស្ទឹងត្រែង បានបញ្ជាក់នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ។
អ្នកនាំពាក្យសាលាដំបូងខេត្តរូបនេះ បន្តថា ជនត្រូវចោទទាំង ៣នាក់នេះ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មដោយមានទារុណកម្ម តាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទទាំង ៣នាក់នេះទី១.ឈ្មោះ ស្រេង សែ ភេទប្រុស អាយុ៥០ឆ្នាំ (ឪពុក)។ ទី២. ឈ្មោះ លីម មេងលុង ភេទប្រុស អាយុ២៣ឆ្នាំ (កូន)។ ទី៣.ឈ្មោះ លីម មេងស្រុង ភេទប្រុស អាយុ១៩ឆ្នាំ (កូន) ។ ចំណែកជនរងគ្រោះ ឈ្មោះ ចាន់ បូវ៉ាន់ ភេទប្រុស អាយុ ២៦ ឆ្នាំ នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
គួររម្លឹកថា កាលពីវេលាម៉ោងជាង ៧យប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១កន្លងទៅ មានករណីឃាតកម្មមួយបានកើតឡើង ត្រង់ចំណុចអូរខ្លី ក្នុងកសិដ្ឋានចិញ្ចឹមសត្វគោ-ចៀម មួយកន្លែង នៅកណ្តាលព្រៃ ស្ថិតក្នុងភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ដោយជនរងគ្រោះ ស្លាប់ដោយមានខ្សែចង ចងគោ ចងដៃជើង ដេកស្លាប់ផ្កាប់មុខ ក្នុងកសិដ្ឋាន។
ក្រោយកើតហេតុមន្ត្រីនគរបាលជំនាញ សហការីជាមួយក្រុមគ្រូពេទ្យ បានធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះ រួចបានសន្ឋិដ្ឋានថា សពជនរងគ្រោះពិតជាត្រូវបានគេវាយរហូតដល់បាក់ ក ស្លាប់៕ ដោយ ៖ សហការី