ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកដាក់ក្រុមហ៊ុនចិនចំនួន៥៩ ក្នុងបញ្ជីខ្មៅ

ចែករំលែក៖

ប្រធានាធិបតីអាមេរិក លោកបៃឌិន នៅថ្ងៃទី៣ខែមិថុនា (ពេលវេលាអាមេរិក) បានចុះហត្ថលេខាលើច្បាប់បន្ថែមក្រុមហ៊ុនចិនចំនួន២៨ទៀតចូលក្នុងបញ្ជីខ្មៅដាក់ទណ្ឌកម្ម ដោយជាប់ពាក់ព័ន្ធនឹងសកម្មភាពស៊ើបការណ៍។ សរុបចំនួនក្រុមហ៊ុនចិនកើនឡើងដល់ទៅ៥៩ក្រុមហ៊ុនហើយស្ថិតនៅក្នុងបញ្ចីខ្មៅរបស់អាមេរិក ។
កាលពីខែវិច្ឆិកាឆ្នាំ២០២០ ប្រធានាធិបតីអាមេរិកពេលនោះគឺលោកត្រាំ បានចុះហត្ថលេខាដាក់ក្រុមហ៊ុនចិនចំនួន៣១ក្រុមហ៊ុនក្នុងបញ្ជីដាក់ទណ្ឌកម្មមុនពេលបញ្ចប់អាណត្តិ។ ប៉ុន្តែដោយសារតែមានបញ្ហាច្បាប់ជាច្រើនទើបមិនទាន់អាចអនុវត្តទណ្ឌកម្មទៅលើក្រុមហ៊ុនចិន។ នៅពេលនេះរដ្ឋាភីបាលរបស់លោកបៃឌិនបានត្រួតពិនិត្យជាថ្មីនូវបញ្ជីក្រុមហ៊ុនចិនដែលត្រូវដាក់ទណ្ឌកម្ម ដោយក្នុងនោះបានបញ្ចូលក្រុមហ៊ុនចំនួន២៨បន្ថែមទៀត ។
ច្បាប់ហាមប្រាមថ្មីដែលលោកបៃឌិនបានចុះហត្ថលេខានឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី២ខែសីហាឆ្នាំ២០២១ ហើយបណ្តាអ្នកដាក់ហ៊ុននៅក្នុងក្រុមហ៊ុនចិនទាំងនោះមានរយៈពេល១ឆ្នាំដើម្បីដកហ៊ុនរបស់ខ្លួនចេញ។
ក្នុងចំណោមក្រុមហ៊ុនដែលរងការដាក់ទណ្ឌកម្មនោះ មានក្រុមហ៊ុនធំៗជាច្រើនក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យា និង សំណង់ ដូចជាក្រុមហ៊ុន Huawei ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ AVIC និងក្រុមហ៊ុន China Mobile, China Telecom… និងក្រុមហ៊ុនជាច្រើនផ្សេងទៀត។
ទាំងនោះត្រូវបានគេចាត់ទុកថាជា សកម្មភាពរបស់អាមេរិកដើម្បីទប់ស្កាត់ការរីកចម្រើនរបស់ចិននៅលើពិភពលោក ។

ប៉ុន្តែសកម្មភាពនោះបានធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែអាក្រក់ទៅៗ៕ ដោយ៖ ធីរីណា

រូបភាព៖ baophapluat


ចែករំលែក៖