ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅរដ្ឋ Delaware ប៉ូលិស៣នាក់រងរបួស

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានប៉ូលិស៣នាក់រងរបួសដែរ ដោយត្រូវខ្មាន់កាំភ្លើងម្នាក់នៅទីក្រុង Wilmington រដ្ឋ Delaware បាញ់ប្រហារនៅព្រឹកថ្ងៃទី៣ ខែមិថុនា (ពេលវេលានៅអាមេរិក)។
ជនដៃដល់ដែលបានបាញ់ប្រហារ បានព្យាយាមលាក់ខ្លួននៅក្នុងអគារខុនដូ នៅតាមវិថី North Market ។ ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ូលិសក៏បានបញ្ជូនទៅកាន់តំបន់កើតហេតុ ហើយឡោមព័ទ្ធអគារខុនដូ ធ្វើឱ្យមានការប៉ះទង្គិចគ្នាជាមួយខ្មាន់កាំភ្លើងផងដែរ ។
ស្នងការបូលិស ទីក្រុង Wilmington បានឱ្យដឹងថា ប៉ូលិស៣រូបដែលត្រូវគ្រាប់កាំភ្លើងមានសុវត្ថិភាព មិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ ។
សារព័ត៌មាន FOX 29 បានផ្សាយថា កម្លាំងប៉ូលិសបានស្នើដល់ពលរដ្ឋចៀសវាងចូលទៅកាន់តំបន់ខាងលើ។ ស្នងការប៉ូលិសទីក្រុង Wilmington ប្រកាសថា កម្លាំងជំនាញកំពុងតែស្រាវជ្រាវពីសកម្មភាពបាញ់ប្រហារខាងលើ។
ប៉ុន្មានថ្ងៃកន្លងមកការបាញ់ប្រហារកើតឡើងជាបន្តបន្ទាប់នៅអាមេរិក បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។ ការបាញ់ប្រហារកើតឡើងជាបន្តបន្ទាប់ កាន់តែជំរុញឱ្យរដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន ខិតខំជំរុញការអនុម័តច្បាប់គ្រប់គ្រងការប្រើប្រាស់អាវុធ បញ្ចៀសការវាយប្រហារពាសវាលពាសកាល៕ ដោយ៖ ធីរីណា

រូបភាព៖ABC+TTXVN


ចែករំលែក៖