ខេត្តបន្ទាយមានជ័យ៖ រថយន្តដឹកឈើប្រណីត១គ្រឿងបានព្យាយាមបើករត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃុំទឹកជោរ សហការជាមួយកម្លាំងគយចល័ត ធ្វើការបង្ក្រាប នៅវេលាម៉ោង០៦និង៥០នាទីយប់ថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៦ ខាងលិចស្ពានខ្សាច់ប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិទឹកជោរ ឃុំទឹក ជោរ ស្រុកព្រះនេត្រព្រះ ។
លោក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ដោយមានការសហការជាមួយកម្លាំងគយចល័តស្ទាក់ឃាត់រថយន្តសង្ស័យដឹកបទល្មើស០១គ្រឿងចេញពីក្រុងសិរីសោភ័ណ ក្នុងគោលបំណងឆ្ពោះទៅខេត្តសៀមរាប លោកបានចាត់តាំងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទឹកជោរ សហការជាមួយកម្លាំងគយចល័ត ។ លុះដល់វេលាម៉ោង០៦និង៥០នាទីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ទើបកម្លាំងសមត្ថកិច្ចនិងគយ បានឃាត់រថយន្ត០១គ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ទឹកកមាស ពាក់ស្លាកលេខភ្នំពេញ.2F.8140 នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៦ខាងលិចស្ពានខ្សាច់ចំងាយប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិទឹកជោរ ឃុំ ទឹកជោរ ស្រុកព្រះនេត្រព្រះ តាមការឆែកឆេររកឃើញមានប្រភេទឈើធ្នង់ចំនួន១៣សន្លឹកគ្រីបនៅក្នុងរថយន្ត និងអ្នកបើកររថយន្ត០១នាក់។
លោកអធិការបានបញ្ជាក់ថា៖អ្នកកបើកបររថយន្តមិនត្រូវបានស្គាល់ឈ្មោះ ព្រោះក្រោយពីឃាត់បានអ្នកបើកបររថយន្តត្រូវបានគយចល័តនាំខ្លួនមកខេត្តបាត់ ហើយក្រោយមកកម្លាំងកងរាជអាវុធហត្ថស្នាក់ការលេខ៦៦៦ នៅឃុំភ្នំលៀប បានទំនាក់ទំនងជាមួយកម្លាំងគយ បានប្រគល់រថយន្តនិងឈើនោះឲ្យទៅខាងកម្លាំងកងរាជអាវុធហត្ថប្រចាំការនៅឃុំភ្នំលៀបស្នាក់លេខ៦៦៦ យកទៅរក្សាទុក ។
លោក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានឱ្យដឹងថា៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រថយន្តនិងឈើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះប្រគល់ឱ្យជំនាញខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យបន្តចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះហើយ៕
ដោយ ៖ វណ្ណា