ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Ford Ranger រងការខូចខាតយ៉ាងធ្ងន់ធ្ងរក្រោយពីត្រូវរថយន្តបែនដឹកដីបុកគូទរុញទៅបុករថយន្តក្រុមហ៊ុនសុិនទ្រីបន្ថែម​ទៀតនោះ

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់បេីករថយន្តបែនដឹកដីមិនប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្តម៉ាកហ្វដ រ៉េនជើរមួយគ្រឿង រួចរថយន្តម៉ាកហ្វដ រ៉េនជើរបានបន្តទៅបុករថយន្តក្រុមហ៊ុនសុិនទ្រីបន្ថែមទៀតបណ្តាលឱ្យខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី៤ ខែមិថុនា​ ឆ្នាំ២០២១​ ស្ថិតនៅត្រង់ចំណុចភ្លើងស្តុបបារគូ​ តាមបណ្តោយផ្លូវ៥០​ម៉ែត្រកែងនឹងផ្លូវលេខ២១៧ ភូមិបារគូ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

   តាមប្រភពព័ត៌មានពីអ្នកបើកបររថយន្តរបស់ក្រុមហ៊ុនស៊ិនទ្រីបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ​ រូបគេបានបើករថយន្តរបស់ក្រុមហ៊ុនស៊ិនទ្រីទៅប្រមូលសំរាមនៅគោលដៅរួមជាមួយនឹងក្រុមកម្មករ ខណៈដែលរូបគេកំពុងតែបើកតាមដងផ្លូវ ៥០ម៉ែត្រក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចភ្លើងស្តុបបារគូ​ ក៏បានឈប់រង់ចាំភ្លើងស្តុប ពេលនោះស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាក​ Ford  Ranger ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​2BH-1718 បើកបរដោយស្ត្រីម្នាក់រួមដំណើរជាមួយនឹងម្ដាយបានធ្វើដំណើរមកក្រោយក៏បានឈប់​ភ្លើងស្តុបដែរ ស្របពេលជាមួយគ្នានោះក៏មានបុរសម្នាក់បើករថយន្តបែនដឹកដីធុនធំមួយគ្រឿងមកពីក្រោយក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានជ្រុលទៅបុកគូទរថយន្តម៉ាក Ford​ Ranger រួចរថយន្តម៉ាក Ford Ranger ក៏ជ្រុលទៅបុកគូទរថយន្តរបស់ក្រុមហ៊ុនស៊ិនទ្រីបន្តទៀតបណ្តាលឲ្យរថយន្តម៉ាក  Ford Ranger រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយយ៉ាងដំណំ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ​ ។ 

  ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានចុះទៅដល់ ហេីយបានឲ្យភាគីទាំងសងខាងនិយាយចរចាគ្នា ដោយឡែកខាងភាគីរថយន្តក្រុមហ៊ុនរបស់សុិនទ្រីខូចខាតតិចតួច​ និងមិនចង់មានរឿងវែងឆ្ងាយ​ក៏សុំយករថយន្តទៅជួសជុលខ្លួនឯង​ ដោយទុកឲ្យម្ចាស់រថយន្តម៉ាក Ford  Ranger និងម្ចាស់រថយន្តបែនដឹកដីធ្វើការដោះស្រាយគ្នាបន្ត​ ។ 

  ក្រោយមក​ ភាគីរថយន្តទាំងពីរគ្រឿងដោះស្រាយមិនត្រូវគ្នា​ ទេីបសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ​ សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ​ ធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទីរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌដង្កោ​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖