ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្រ្តាក់បោកបក់ចំឃុំ២របស់ស្រុកសាមគ្គីមានជ័យបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋ៣៤ខ្នងរងការខូចខាត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣៤ខ្នង ត្រូវបានរងការខូចខាត ប៉ើងជញ្ជាំង និងរបើកដំបូល ក្រោយពីឥទ្ធិពលនៃខ្យល់កន្រ្តាក់ បោកបក់មកចំឃុំចំនួន២ របស់ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នេះ។

  អាជ្ញាធរស្រុកសាមគ្គីមានជ័យបានឱ្យដឹងថា គ្រោះធម្មជាតិខ្យល់កន្រ្តាក់នេះបានបោកបក់មកចំភូមិចំនួន៦ ស្ថិតក្នុងឃុំស្វាយ និង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ។

  ប៉ុន្តែនៅឃុំស្វាយ មានចំនួន៣ភូមិ រលំផ្ទះទាំងស្រុង អស់៣ខ្នង និង របើកដំបូលនិងជញ្ជាំងអស់២៥ខ្នង ។

ដោយឡែកឃុំធ្លកវៀនប៉ះពាល់ចំនួន៣ភូមិបណ្តាលឱ្យរលំផ្ទះទាំងស្រុងអស់១ខ្នង និង របើកដំបូលអស់៥ខ្នង ។

  អាជ្ញាធរស្រុកក៏បានបញ្ជាក់ទៀតថា គ្រោះធម្មជាតិដ៏កាចសាហាវនេះ មិនបង្កឱ្យប៉ះពាល់គ្រោះថ្នាក់ដល់មនុស្ស ឬសត្វនោះឡើយ ហើយនៅពេលនេះអាជ្ញាធរកំពុងជួយប្រជាពលរដ្ឋ និង ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិនេះ ៕

ដោយ ៖ ចន្ថា


ចែករំលែក៖