ព័ត៌មានទាន់ហេតុការណ៍៖

ទាំងថ្ងៃអាទិត្យអ្នកតំណាងរាស្ត្រលោក ហ៊ុន ម៉ានី ចុះពិនិត្យមណ្ឌលសំរាកព្យាបាលជំងឺកូវីដ-១៩នៅស្រុកសំរោងទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ រួមមាន លោក ហ៊ុន ម៉ានី និងលោក សំ រិទ្ធី អមដំណើរដោយលោក លោកស្រី គណៈអភិបាលខេត្ត និងក្រុមការងារ បានចុះពិនិត្យមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលរបស់ខេត្តកំពង់ស្ពឺ ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឆ្លៀតឱកាសជួបប្រជុំស្តាប់ពីវឌ្ឍនភាពនការងារគ្រប់គ្រងស្ថានការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តជាមួយគណៈអភិបាល និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ 

ក្រោយពីបានស្តាប់របាយការណ៍ពីស្ថានភាពទូទៅ និងបញ្ហាប្រឈមរួចមក លោកហ៊ុន ម៉ានី ក្នុងនាមប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ មន្រ្តីសុខាភិបាល អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងយុវជនស្ម័គ្រចិត្តរបស់ស.ស.យ.ក. ដែលបានសស្រាក់សស្រាំក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ជាពិសេសអ្នកដែលបានឆ្លងជំងឺកូវីដ-១៩ និងអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល សំដៅធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមានូវខ្សែចម្លងឱ្យបានកាន់តែលឿន។

 ជាងនេះទៅទៀត អ្នកតំណាងរាស្រ្តក៏សូមអបអរសាទរ និងថ្លែងអំណរគុណចំពោះការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋទូទាំងខេត្តដែលបានចូលរួមសហការជាមួយអាជ្ញាធរក្នុងការគោរពតាមវិធានការណែនាំដែលរាជរដ្ឋាភិបាល ក្រសួង ក៏ដូចជារដ្ឋបាលខេត្តបានដាក់ចេញកន្លងមកបានយ៉ាងខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា នៅក្នុងខេត្តកំពង់ស្ពឺ គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងសរុបដល់ ១៤៨៣ នាក់ ក្នុងនោះ បានជាសះស្បើយ ៣៦៩ និងស្លាប់ ២១ នាក់។

 ចំនួនអ្នករកឃើញវិជ្ជមាននៅមិនទាន់មានការថមថយនោះទេ ដូច្នេះសូមបងប្អូនទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសថែរក្សាការពារខ្លួន ដោយអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានជាប់ជាប្រចាំ៕

ដោយ៖ សូរិយា


ចែករំលែក៖