ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តក្នុងល្បឿនលឿនរេចង្កូតបុកសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តបុកបង្គោលភ្លើងបណ្តាលឲ្យរលំអស់មួយដើមទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បើនលឿនបានរេចង្គូតបុកសួនច្បារពុះចែកទ្រូង ហើយមិនទាន់អស់ល្បឿនបន្តទៅបុកនឹងបង្គោលភ្លើងបណ្តាលឲ្យរលំអស់មួយដើមរថយន្តទៅមុខលែងរួច។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៦A ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចសុីស GS300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AO-3429 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកឆ្វេងដៃបុកនិងសួនច្បារចែកទ្រូងផ្លូវពេញទំហឹង ហើយរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកនឹងបង្គោលភ្លើងបណ្ដាលឲ្យរលំបង្គោលភ្លើងអស់មួយដើមទៀត រថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ ចំណែកឯម្ចាស់រថយន្តបានចុះគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។

ដោយ៖និនសុភ័ស្ត


ចែករំលែក៖