ភ្នំពេញ ៖ រថយន្ត២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងហើយក៏រេចង្កូតមកឆ្វេងដៃ ស្របពេលមានម៉ូតូមួយគ្រឿងទៀតមកដល់ចាប់ហ្វ្រ័ងមិទាន់ក៏បុកចំពីចំហៀងខាងស្ដាំរថយន្តបណ្ដាលឲ្យម៉ូតូដួលរងរបួសធ្ងន់បុរសម្នាក់ ហើយរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកទូបញ្ជាភ្លើងបំភ្លឺផ្លូវបាក់អស់១ទូទៀតទើបកល់ជាប់ទៅមុខលែងរួច។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃអាទិត្យ ទី៦ ខែមីថុនា ឆ្នាំ២០២១ នៅចំណុចមុខវត្តមង្គលវ័នតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមសម្តីប្រជាពលរដ្ឋដែល នៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគាត់ឃើញរថយន្តតូយ៉ូតាព្រូស ពណ៌ខៀវ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ2BK.0849 បើកតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តតូយ៉ូតាកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2P-8294បើកតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតលឿនដូចគ្នាបានមកបុកបញ្ឆិតចំកង់ខាងឆ្វេងដូចគ្នាពេញទំហឹងតែម្ដងធ្វើឱ្យរងការខូចខាតដាច់កង់ខាងឆ្វេងខាងមុខអស់១ដូចគ្នា រួចហើយរថយន្តកូរ៉ូឡានោះបានរេចង្កូតមកខាងឆ្វេងដៃ ខណៈ ពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1O-2270បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿននោះបានមកបុកចំកង់ខាងក្រោយនៃរថយន្តកូរ៉ូឡាបណ្ដាលឲ្យដួលម៉ូតូរងរបួសធ្ងន់ ហើយម៉ូតូខ្ទេចផ្នែកខាងមុខមើលលែងយល់។ អ្នករបួសត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យសង្គ្រោះជីវិតផងដែរ។ រីឯរថយន្តមិនទាន់អស់ល្បឿនក៏បន្តឡើងលើចិញ្ចើមផ្លូវទៅបុកទូបញ្ជាភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យបាក់អស់១ទូទើបទប់ជាប់នឹងបង្គោលភ្លើងថ្មទៅមុខលែងរួច តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះអ្នកបើករថយន្តទាំងសងខាងមិនមានរងរបួសនោះទេក្រោយកើតហេតុក៏បានចាកចេញពីកន្លែងនោះបាត់ទៅ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានី ភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ និន សុភ័ស្ត