ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសតំណែងលោក ទូច ធី ជាចៅសង្កាត់ស្វាយរៀងថ្មីជំនួសលោក គង់ សារ៉ូ ដែលទទួលមរណភាព

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានមានប្រសាសន៍ជំរុញលោក ទូច ធី ចៅសង្កាត់ស្វាយរៀងដែលទើបឡើងកាន់តំណែងថ្មី សូមបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពនិងតម្លាភាព។

  ការជំរុញបែបនេះរបស់លោកអភិបាលក្រុងស្វាយរៀងគឺធ្វើឡើងនៅក្នុងពិធីប្រកាសផ្លាស់ប្ដូរប្រធានក្រុមប្រឹក្សាសង្កាត់ និងចៅសង្កាត់ ចៅសង្កាត់រងស្វាយរៀង ក្រុងស្វាយរៀង នាព្រឹកថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១ ដោយមានការចូលរួមពីលោកកែន រិទ្ធី អធិការនគរបាលក្រុង លោកមេបញ្ជាការងមូលដ្ឋានកងរាជអាវុធហត្ថក្រុង មន្ត្រីរដ្ឋបាលក្រុង លោកលោកស្រីចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀននិងអ្នកពាក់ពន្ធ័ជាច្រើននាក់ទៀតផងដែរ។

   លោកអភិបាលក្រុងស្វាយរៀងបានបន្តថា សូមឱ្យលោកទូច ធី ចៅសង្កាត់ស្វាយរៀងថ្មីត្រូវចេះស្រលាញ់ សាមគ្គីគ្នាទៅវិញទៅមកជាមួយមន្ត្រីក្រោមឱវាទដោយមិនត្រូវបែកបាក់ផ្ទៃក្នុងជាដាច់ខាតទើបការងាររលូនទៅមុខ។

ពិសេសត្រូវបន្តពង្រឹងការងាររៀបចំសណ្ដាប់ធ្នាប់ សោភណភាពក្នុងសង្កាត់ស្វាយរៀង អ្នកលក់ដូរតាមចិញ្ចើមផ្លូវជុំវិញផ្សារវាលយន្ត ចំណតរថយន្តតាមមុខមន្ទីរពេទ្យបង្អែកខេត្តនិងដងផ្លូវជាតិលេខ១ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ អូរប្រឡាយ ទន្លេ ត្រូវបន្តយកចិត្តទុកដាក់ពិនិត្យតាមដានបន្ថែមទៀត។

  បន្ទាប់មកលោកអភិបាលក្រុងស្វាយរៀងបានជំរុញនូវការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច និងត្រូវមានអនាម័យ បរិស្ថានស្អាត បរិយាកាសល្អ ពិសេសសូមឱ្យលោកចៅសង្កាត់ត្រូវបន្តផ្សព្វផ្សាយនិងចូលរួមអនុវត្តវិធានការ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ តាមទីសាធារណៈ សាលារៀន ទីប្រជុំជនភោជនីយដ្ឋាន អាហារដ្ឋាន និងតាមបណ្ដាវត្តអារាមនានាក្នុងសង្កាត់ស្វាយរៀងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលដែលបានដាក់វិធានការឱ្យអនុវត្ត ៣កុំ ៣ការពារ ហើយបើមិនមានការចាំបាច់សូមកុំចេញពីផ្ទះ៕

ដោយ៖យឹម សុថាន


ចែករំលែក៖