ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះវិហារ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់ ភេទប្រុស អាយុ៣២ឆ្នាំ ធ្វើដំណើរមកពីខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់ ភេទប្រុស អាយុ៣២ឆ្នាំ ធ្វើដំណើរមកពីខេត្តកំពង់ធំ​ និងបានយកសំណាកនៅថ្ងៃទី០៦ខែមិថុនា​ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុករវៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩។

អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ខាងលើ ជាអ្នករួមដំណើរជាមួយអ្នកដែលរកឃើញវិជ្ជមានជំងឺ កូវីដ-១៩ ០៣នាក់ មកពីខេត្តកំពង់ធំ កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ដោយមន្ត្រីជំនាញសុខាភិបាល ស្រុករវៀង។

គិតមកដល់ថ្ងៃនេះ ខេត្តព្រះវិហារបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១៣នាក់/ស្រីចំនួន ០៤នាក់ និងកុមារីចំនួន ០២នាក់ ក្នុងនោះបានជាសះស្បើយចំនួន ០៣នាក់/ស្រីចំនួន ០១នាក់។ រីឯអ្នកជំងឺកូវីដ-១៩ ចំនួន ១០នាក់/ស្រីចំនួន ០៣នាក់ និងកុមារីចំនួន ០២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករា និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩(អតីតសាលាបឋមសិក្សា ស្ថាពរ) ខេត្តព្រះវិហារ ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកប៉ះពាល់ដោយ ផ្ទាល់ និងដោយប្រយោលទាំងអស់ ត្រូវទៅយកសំណាកនៅគ្រប់មណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យក្នុងខេត្តព្រះវិហារ ។ ករណីមានរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិត កន្លែងបងប្អូនរស់នៅ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩៨៥ ៦៨៩/០៨៨ ៥៩៦ ៤៤៩៦។

រដ្ឋបាលខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្តីប្រកាសព័ត៌មាន នេះឲ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ តាម ការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖ សិលា


ចែករំលែក៖