ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តបន្ទាយមានជ័យ ចុះអនុវត្តវិធានការរដ្ឋបាល លើក្រុមហ៊ុនStar Complex,PARAMAX ស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធ និងសង្ស័យផ្ទុកមេរោគកូវីដ-១៩

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ថ្នាក់ខេត្តដឹកនាំដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចម្រុះ និងក្រុមគ្រូពេទ្យ ចុះអនុវត្តវិធានការសុខាភិបាលលើក្រុមហ៊ុន Star Complex , PARAMAX ក្រោមការគ្រប់គ្រងរួមរបស់ក្រុមហ៊ុនកាស៊ីណូ Galaxy ដើម្បីស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធ និងអ្នកសង្ស័យផ្ទុកមេរោគកូវីដ-១៩។
ការអនុវត្តវិធានការសុខាភិបាលគឺក្នុងគោលបំណងសំដៅការកាត់ផ្តាច់ប្រភពនៃការចម្លងមេរោគកូវីដ-១៩ពីតំបន់មួយទៅតំបន់មួយទៀតក្នុងសហគមន៍ឲ្យបានឆាប់រហ័ស ដែលបច្ចុប្បន្នមេរោគដ៏សាហាវមួយនេះកំពុងបង្កលក្ខណៈគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតប្រជាពលរដ្ឋ និងប៉ះពាល់ដល់សេដ្ឋកិច្ច ជីវភាពរស់នៅយ៉ាងខ្លាំង។
ក្នុងឱកាសនោះ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងអាជ្ញាធរមូលដ្ឋាន បានអំពាវនាវដល់បណ្តាក្រុមហ៊ុន គ្រឹះស្ថានឯកជននានា និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាផ្តល់កិច្ចសហការ និងចូលរួមសហការជាមួយក្រុមការងារ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានក្នុងការផ្តល់ព័ត៌មានចំពោះអ្នកពាក់ព័ន្ធ និងអ្នកសង្ស័យថាមានរោគសញ្ញានៃមេរោគកូវីដ-១៩ ត្រូវអញ្ជើញមកយកសំណាកធ្វើតេសក្នុងករណីសង្ស័យឬមានរោគសញ្ញាសង្ស័យអំពីមេរោគកូវីដ-១៩ ជាពិសេសសូមបន្តចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល រួមគ្នាអនុវត្ត «៣ការពារ និង៣កុំ» ដើម្បីការពារខ្លួន គ្រួសារ សង្គមជាតិ និងប្រជាជន៕

ដោយ៖ ស សម


ចែករំលែក៖