ភ្នំពេញ៖ មនុស្សចំនួន៥នាក់បានរងរបួសធ្ងន់និងស្រាលបន្ទាប់ពីជិះនៅលេីឡំប្រឺតាមួយគ្រឿងដែលបេីកបរក្នុងល្បឿនលឿនខំប្រឹងវ៉ាជែងគេឯង តែដោយសារមានឧបសគ្គខាងមុខក៏ចាប់ហ្វ្រ័ងបង្ខំធ្វើឱ្យបោកក្រឡាប់អូសទៅបុកគូទរថយន្តមួយគ្រឿងខាងមុខទៀត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃើញឡំប្រឺតាមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ(ត) 1IQ-0725 ធ្វើដំណើរមានគ្នា៥នាក់ដោយបើកបរក្នុងទិសដៅពីត្បូងទៅជើងហើយបានបើកវ៉ាជែងជាមួយឡំប្រឺតាមួយគ្រឿងទៀតរហូតដល់ចំណុចកើតហេតុស្រាប់តែមានឧបសគ្គនៅខាងមុខក៏ចាប់ហ្វ្រ័ងបង្ខំធ្វេីឱ្យបោកក្រឡាប់អូសប្រហែល៥ម៉ែត្រទៅបុកគូទរថយន្តកាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2AC-8177 ដែលធ្វើដំណើរស្របទិសគ្នាបណ្តាលឲ្យរងការខូចខាត
ស្តុប និងកាងផ្នែកខាងក្រោយអស់មួយចំហៀង និងធ្វេីឱ្យមនុស្ស៥នាក់ដែលរួមដំណេីរក្នុងក្នុងឡំប្រឺតាបង្កហេតុនោះរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការបាញ់ថ្នាំយកឡំប្រឺតានោះដាក់ទៅខាងនិងរាយការណ៍បន្តទៅផ្នែកជំនាញមកធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖សុខា សែនជ័យ